សន្ដិសុខសង្គម

បញ្ជូន​ចិន៣នាក់ទៅតុលាការ​ពីបទជំរិតយកលុយ ១៧ម៉ឺនដុល្លារនិងសម្លាប់ជនរងគ្រោះ

ខេត្ត​ព្រះសីហនុ​៖កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា អាវុធហត្ថខេត្តព្រះសីហនុបានបញ្ជូនជនជាតិចិន ៣នាក់ទៅតុលាការ ករណីចាប់ជំរិតចិនដូចគ្នាយកលុយ១៧ម៉ឺនដុល្លារនិងសម្លាប់ជនរងគ្រោះ។

មន្ត្រីអាវុធហត្ថខេត្តព្រះសីហនុបាន​ឱ្យ​ដឹង​ថា​ ផ្នែកជំនាញ​បាន​ស្រាវជ្រាវ​រហូត​បំបែក​សំណុំរឿងចាប់ជំរិតចិនដូចគ្នាយកលុយ១៧ម៉ឺនដុល្លារ។ហេតុការណ៍នោះនៅម្តុំក្រុមហ៊ុន ដឺហ្រេនម៉ានធឺនវិឡា ក្នុងភូមិ៥ សង្កាត់៤ ខេត្តព្រះសីហនុ ដោយ​ចាប់ជនសង្ស័យ៣នាក់​និងដកហូតលុយមកវិញបានជាង១០ម៉ឺនដុល្លារ តែជនរងគ្រោះត្រូវបានពួកគេសម្លាប់។​

មន្ត្រីដដែលបន្តថា​ កាលពីថ្ងៃទី២៧ ខែតុលាឆ្នាំ២០២២កន្លងទៅ​ អាវុធហត្ថខេត្តបាន ទទួលបណ្តឹងពីឈ្មោះ JIANG QIAO ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន ស្តីពីការបាត់ប្តីរបស់ខ្លួនឈ្មោះ NAN X ING ជនជាតិចិន កាលពីយប់ថ្ងៃទី២៦ ខែតុលា នៅទីតាំងក្រុមហ៊ុនដឺហ្រេនម៉ានធឺនវិឡា ក្នុងក្រុងព្រះសីហនុ។

ក្រោយមកកម្លាំងបានស្រាវជ្រាវរហូតចាប់ជនសង្ស័យប្រុសស្រី២នាក់ជាមេខ្លោងនិងមេការទីតាំងខាងលើ។បន្ទាប់ពីសាកសួរ ជនសង្ស័យបានប្រាប់ថា មេខ្លោងទៅភ្នំពេញបម្រុងឡើងយន្តហោះទៅប្រទេស ថៃ។សមត្ថកិច្ចបានតាមចាប់ឈ្មោះ Zang Tanning អាយុ៤៣ឆ្នាំ ជាមេខ្លោងនៅភ្នំពេញ ហើយនាំទៅខេត្តព្រះសីហនុវិញដើម្បីបន្តនីតិវិធី។

គួរបញ្ជាក់ថា នៅកន្លែងទីតាំងក្រុមហ៊ុនខាងលើ អាវុធហត្ថបានឆែកឆេរក្នុងបន្ទប់ស្នាក់នៅរបស់ជន សង្ស័យ រកឃើញវត្ថុតាងបន្ថែមដូចជា-អាវុធខ្លី២ដើម បង់៣និងគ្រាប់ចំនួន៦៩គ្រាប់។ចំពោះលុយដែលជនសង្ស័យចាប់ជំរិតយកពីជនរងគ្រោះចំនួន១៧០.០០០ដុល្លារ កម្លាំងជំនាញប្រមូលយកបានមកវិញចំនួន១០១.៥០០ដុល្លារនិងបានប្រគល់ទៅក្រុមគ្រួសារជនរងគ្រោះវិញ៕ដោយ៖វិចិត្រ