អន្តរជាតិ

ទាហានរុស្ស៊ីវាយលុកសួនសត្វអ៊ុយក្រែន សម្លាប់និងបរិភោគសត្វអភិរក្ស

ក្រុមអ្នកសង្រ្គោះសត្វព្រៃអ៊ុយក្រែនបានរាយការណ៍ថា ទាហានរុស្ស៊ីបានវាយលុកសួនសត្វអ៊ុយក្រែន មួយកន្លែង នៅខេត្តដូណេតភាគខាងកើតយ៉ាងសាហាវ ដោយបានសម្លាប់ និងបរិភោគសត្វអភិរក្ស ជាច្រើនប្រភេទ។

យោងតាមការចុះផ្សាយដោយកាសែត Dailymail ក្រុមអ្នកជួយសង្គ្រោះស្ម័គ្រចិត្តអ៊ុយក្រែនបានផ្តល់ ដំណឹងនៅថ្ងៃសុក្រ ទី៤ ខែវិច្ឆិកានេះថា ទាហានរុស្ស៊ីបានប្រព្រឹត្តអំពើឃោរឃៅដ៏ព្រៃផ្សៃមិននឹកស្មាន ដល់នៅសួនសត្វ Yampil ស្ថិតក្នុងខេត្ត Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន បន្ទាប់ពីអ៊ុយក្រែនបាន រំដោះតំបន់ Yampil កាលពីថ្ងៃទី ៣០ ខែកញ្ញា និងបានរកឃើញបំណែកគ្រោងឆ្អឹងសត្វជាច្រើនប្រភេទ នៅរដូករណែល។  ក្រោយការរំដោះភ្លាមៗ អ្នកសង្រ្គោះមិនទាន់បានមកត្រួតពិនិត្យនោះទេ លុះរំលង ច្រើនថ្ងៃ ទើបបានមក និងបានប្រទះឃើញឆ្អឹងសត្វជាច្រើនរួមមានដូចជាសត្វអូដ្ឋពីរក្បាល កង់ហ្គូរូមួយក្បាល គោព្រៃមួយក្បាល កូនជ្រូកព្រៃជាច្រើន សត្វស្លាប និងចចកជាច្រើនក្បាល។

មុនពេលមានការឈ្លានពានថ្ងៃទី២៤ ខែកុម្ភៈ អ្នកថែរក្សាសួនសត្វបាននិយាយថា បរិវេណនេះ គឺជាជម្រករបស់សត្វជាច្រើន រួមទាំងខ្លាឃ្មុំ អូដ្ឋ ប្រើស និងជ្រូកព្រៃ។ អ្នកស្ម័គ្រចិត្ដកំពុងប្រមូលភ័ស្តុតាង ដើម្បីទាក់ទងភ្នាក់ងារអនុវត្តច្បាប់របស់អ៊ុយក្រែន ដើម្បីកំណត់ការចោទប្រកាន់នេះ។មិនទាន់មានការ ឆ្លើយតបពីខាងរុស្ស៊ីនោះទេ៕

ប្រភព៖  Dailymail

ប្រភពរូប៖Dailymail
ប្រែសម្រួល៖សុខ តុលា