សន្ដិសុខសង្គម

ត្រីនាគដើមកំណើតតំបន់ Amazone ១ក្បាលទម្ងន់ជិត១០០kg គេប្រទះឃើញងាប់ក្នុងកសិន្ធុទឹកប្រាសាទអង្គរវត្ត

សៀមរាប៖ ត្រីធំ១ក្បាល ដែលមានទម្ងន់ប្រហែលជិត១០០គីឡូក្រាម ត្រូវបានគេប្រទះឃើញងាប់ នៅក្នុងកសិន្ធុទឹក ភាគខាងជើងរបស់ប្រាសាទអង្គរវត្ត កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រុមមហាជន បានភ្ញាក់ផ្អើលតៗបន្ទាប់ពីមានអ្នកខ្លះបានថតរូបត្រីធំដ៏ចម្លែក ដែលងាប់នេះPost នៅតាមបណ្ដាញសង្គម(Face Book)មក។ អ្នកខ្លះបានហៅត្រីធំ ដែលងាប់នោះថាជាពូជត្រីនាគ និងខ្លះថាជាត្រីផ្ទក់Amazone។

អគ្គនាយករងនិងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា លោកឡុង កុសល មានប្រសាសន៍កាលពី ល្ងាចថ្ងៃទី៣ ខែវិច្ឆិកាថា៖ តាមការស្រាវជ្រាវ ត្រីដែលងាប់នោះជាប្រភេទពូជត្រីនាគនៅតំបន់ Amazone ដែលឈ្មោះភាសាអង់គ្លេស Arapaima មានប្រភពមកពីតំបន់អាម៉ាហ្សូននៃអាម៉េរិកខាងត្បូង មិនមែនជាពូជត្រីនៅក្នុងប្រទេសកម្ពុជាទេ។

តាមការសន្និដ្ឋាន ត្រីនេះអាចត្រូវម្ចាស់សណ្ឋាគារ ឬក៏ម្ចាស់ភោជនីយដ្ឋានណាមួយធ្លាប់ទិញមកចិញ្ចឹម ប៉ុន្តែនៅពេលដែលវាមានជំងឺ ឬក៏ម្ចាស់មិនអាចរកចំណីឱ្យវាស៊ីបានគ្រប់គ្រាន់ក៏យកមកលួចលែង នៅក្នុងទឹកកសិន្ធុអង្គរ ជាយូរមកហើយ តាំងតែពីវានៅតូចម៉្លេះ។ ប្រភេទត្រីនាគ Amazone នេះ គឺជាត្រីដែលស៊ីសាច់ត្រីតូចៗជាអាហារ មិនមែនជាត្រីដែលស៊ីរុក្ខជាតិទេ។

លោក ឡុង កុសល បានឱ្យដឹងទៀតថា តាមការវាស់វែង ត្រីដែលងាប់នេះគឺមានបណ្ដោយខ្លួន ប្រវែង២,១៥ម៉ែត្រនិងទទឹងខ្លួនទំហំ០,៤ម៉ែត្រ ឯទម្ងន់របស់វាប្រហែលជិត១០០គីឡូក្រាម។

មន្ត្រីជាច្រើនផ្នែករបស់អាជ្ញាធរជាតិអប្សរា ដែលបានទៅពិនិត្យមើលត្រីងាប់នោះ បានសន្និដ្ឋានថា បញ្ហាដែលបណ្ដាលឱ្យត្រីនោះងាប់ អាចមកពីអាយុកាលធម្មជាតិរបស់វាគឺ(ចាស់ងាប់) ពីព្រោះគេបានពិនិត្យមើលធ្មេញរបស់វា ឃើញរេចរឹលអស់ទៅហើយនេះម្យ៉ាង និងម្យ៉ាងទៀតប្រហែលជាត្រីនោះវាគ្មានចំណីស៊ីគ្រប់គ្រាន់ ដោយសារតែវាធំពេក។

មន្ត្រីនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើនិងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា បានបដិសេធ  ថាមិនមែនបណ្ដាលមកពីការប្រែប្រួលនៃទឹកទេ ប្រសិនបើការប្រែប្រួលនៃទឹក មិនមែនមានតែ ត្រីធំ១ក្បាលប៉ុណ្ណោះទេ គឺប្រាកដជាត្រីនិងសត្វទឹកជាច្រើនទៀត ងាប់ដែរហើយ។

តាមការឱ្យដឹងពីពលរដ្ឋថា នៅក្នុងទឹកកសិន្ធុអង្គរវត្តនេះ មិនមែនមានត្រីនាគ Amazone តែមួយក្បាលដែលងាប់នេះទេ គឺវាអាចមានច្រើន ដោយគេធ្លាប់បានឃើញត្រីប្រភេទនេះ ងាប់២-៣លើករួចមកហើយ ក៏ប៉ុន្តែគេមិនបានដឹងច្បាស់ថាតើអ្នកណាជាអ្នក ដែលយកពូជត្រីនេះ ទៅលែងនៅក្នុងកសិន្ធុអង្គរវត្តឡើយ៕