សន្ដិសុខសង្គម

ជំពាក់គេច្រើនប្រឌិតរឿងថាចោរវាយប្លន់យកលុយនិងមាសអស់រាប់តម្លឹង

បាត់ដំបង៖ស្ត្រីអ្នកលក់ប្រហិតម្នាក់ជំពាក់លុយគេច្រើន បានប្រឌិតរឿងថាមានចោរវាយប្លន់យកលុយ និងគ្រឿងអលង្ការអស់រាប់តម្លឹង។លុះសមត្ថកិច្ចចុះស្រាវជ្រាវលាក់លែងជិត ចេញមុខសុំទោស។

មន្ត្រីនគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា ស្ត្រីអ្នកលក់ប្រហិតដែលបានមកប្តឹងសមត្ថកិច្ចពីករណីថា មានចោរមួយក្រុមវាយប្លន់អស់ទ្រព្យសម្បត្តិជាច្រើន។លុះព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះ បានចេញមក សុំទោសដល់សមត្ថកិច្ចក៏ដូចជាមហាជនថាខ្លួនគ្រាន់តែរៀបចំប្រឌិតរឿងតែប៉ុណ្ណោះ ។ព្រោះខ្លួនបានជំពាក់លុយចិន រួមទាំងអង្គការច្រើន ក្នុងគោលបំណងឲ្យម្ចាស់បំណុលទាំងអស់ អនុគ្រោះលើកលែង ឬបន្ធូរបន្ថយបានខ្លះ។

ស្ត្រីរូបនេះឈ្មោះសំ ជ្រៀន អាយុ ៣៩ឆ្នាំ នៅក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។កាលពីព្រលប់ថ្ងៃទី៣ ខែវិច្ឆិកា នៅមុខវិទ្យាល័យសម្តេចឳ ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានរៀបចំផែនការធ្វើជាមានចោរវាយប្លន់យកលុយ និងមាសអស់ជាច្រើនខណ:ពេលដែលគាត់កំពុងលក់ប្រហិត។

ករណីប្រឌិតរឿងនេះដែរ ស្ត្រីដើមបណ្តឹងបានអះអាងថា ខ្លួនបានបាត់ទ្រព្យសម្បត្តិអស់ជាច្រើនរួមមាន: លុយដុល្លារចំនួន ៤០០ដុល្លារ- លុយខ្មែរចំនួន៣.១៥០០.០០រៀល- ខ្សែកមាសទម្ងន់មួយតម្លឹង- ខ្សែដៃមាសមួយតម្លឹងកន្លះ- កងដៃប្លាទីន ៣ឈុត និងរងរបួសពកក្បាល។

អ្នកស្រី សំ ជ្រៀន បានទទូចសុំឱ្យសាធារណជន ពិសេសសមត្ថកិច្ចកុំឲ្យប្រកាន់ទោសដល់រូបគាត់ ជាមនុស្សល្ងង់ខ្លៅ ព្រោះតែចង់ឲ្យមានការអនុគ្រោះ និងលើកលែងពីម្ចាស់បំណុលដោយមិនបាន គិតពីការប៉ះពាល់ដល់សន្តិសុខសង្គមជាតិទាំងមូល៕ដោយ: ព្រះអង្គខ្មៅ