សន្ដិសុខសង្គម

ចាប់ជនសង្ស័យ២នាក់ពីបទលួចក្របីឆ្លងខេត្ត៤ក្បាលដឹកតាមរថយន្ត

កំពង់ឆ្នាំង៖កម្លាំងនគរបាលស្រុកទឹកផុស បានចាប់ជនសង្ស័យ២នាក់ ករណីលួចក្របីឆ្លងខេត្ត ចំនួន៤ក្បាលដឹកតាមរថយន្តនៅតាមផ្លូវ។

សមត្ថកិច្ចខេត្តកំពង់ឆ្នាំបានឱ្យដឹងថា កាលពីម៉ោងរំលងអធ្រាត្រចូលថ្ងៃទី៤ ខែវិច្ឆិកា កម្លាំង នគរបាលស្រុកទឹកផុស បានចាប់ជនសង្ស័យ២នាក់ករណីលួចក្របីចំនួន៤ក្បាល ញី៣ក្បាល និងកូនឈ្មោល១ ក្បាល។បុរស២នាក់នោះបានដឹកក្របីឡើងរថយន្តនៅម្តុំព្រែកជីក ក្នុងភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យទាំង២នាក់ឈ្មោះ ម៉េន បាវ អាយុ៣១ឆ្នាំ និងឈ្មោះ ឈន ដានឹត អាយុ២៧ឆ្នាំ ពួកគេទាំង២នាក់រស់នៅភូមិអណ្តូងតាជោរ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។វត្ថុតាងមានរថយន្តសាំងយ៉ុងកែច្នៃមួយគ្រឿង-ក្របី៤ក្បាល ។បន្ទាប់ពីចាប់បាន ជនសង្ស័យ រួមទាំងវត្ថុតាង កម្លាំងជំនាញស្រុកបានកសាងសំណុំរឿងបញ្ជូនទៅនគរបាលខេត្តដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ