សន្ដិសុខសង្គម

ឃុំខ្លួនអតីតអ្នកកាសែតម្នាក់ពីបទឆបោកលុយជាង១ម៉ឺនដុល្លារ

ត្បូងឃ្មុំ៖តុលាការខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឃុំខ្លួនអតីតអ្នកកាសែតម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទឆបោកលុយពីពលរដ្ឋចំនួន១ម៉ឺន៥ពាន់ដុល្លារ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ វ៉ន ទូច ជាអតីតអ្នកសារព័ត៌មានទូរទស្សន៍អនឡាញ SMJ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។

ការចាប់ខ្លួនអតីតអ្នកកាសែតរូបនេះ បានធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់តុលាការខេត្តត្បូងឃ្មុំ តាមបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន៣នាក់ឈ្មោះ​ ហ៊ម ញាញ់ ឈ្មោះ លីមយ៉ង និងឈ្មោះ ជា ណាត ពីបទឆបោកលុយរបស់ពួកគាត់សរុបចំនួន ១ម៉ឺន៥ពាន់ដុល្លារ ប្រព្រឹត្ត​ទៅកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១កន្លងទៅ៕ដោយ៖វិចិត្រ