សន្ដិសុខសង្គម

កំពុងតាមចាប់តៃកុងរថយន្តបើកកៀរម៉ូតូដួលនិងកិនក្មេងប្រុសម្នាក់ស្លាប់

បន្ទាយមានជ័យ៖សមត្ថកិច្ចកំពុងតាមចាប់តៃកុងរថយន្តបើកស្របគ្នាកៀរម៉ូតូឱ្យដួល ហើយរថយន្ត មួយគ្រឿងទៀតមកកិនបណ្តាលឱ្យក្មេងប្រុសម្នាក់ស្លាប់ភ្លាមរួចបើករត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ២៥៨D ភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២ ខែវិច្ឆិកា។ នគរបាលចរាចរណ៍ស្រុកអូរជ្រៅបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះនួយ ដឿន អាយុ១៩ឆ្នាំ នៅភូមិឃុំខាងលើ ជិះម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខបន្ទាយមានជ័យ 1S-2312 ត្រូវរថយន្តកៀរឱ្យដួល ហើយមានរថយន្តមួយគ្រឿងទៀតមក កិនអូសចម្ងាយជិត៦០ម៉ែត្របណ្តាលឱ្យផ្ទុះក្បាលស្លាប់តែម្តងរួចបើកគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងនិងយកម៉ូតូទៅរក្សាទុក រួចបន្តការស្រាវជ្រាវ រកអ្នកបើកបរនិងរថយន្តបង្កមកទទួលខុសត្រូវចំពោះមុខច្បាប់៕ដោយ៖វិចិត្រ