កីឡា

Ramos និង Pique នឹងត្រូវ​ដក​​ពី​បញ្ជី​ឈ្មោះ​ក្រុមអេស្ប៉ាញចុង​ក្រោយ សម្រាប់ World Cup

​កីឡាករ Sergio Ramos និង Gerard Pique នឹងត្រូវដក​ចេញទាំង ២នាក់​ពី​ក្នុង​បញ្ជី​ឈ្មោះ​ក្រុមចុងក្រោយរបស់ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ សម្រាប់ការប្រកួតប្រជែងនៅ​ឯ​ព្រឹត្តិការណ៍ FIFA World Cup នាពេលខាងមុខនេះ។

កីឡាករ Pique មិនបានលេងឱ្យក្រុម​ជម្រើស​ជាតិ​របស់ខ្លួន​នោះទេ ចាប់តាំងពីពួកគេត្រូវបានទម្លាក់​ក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៅ​ឯ World Cup 2018 ដោយក្រុមរុស្ស៊ី ខណៈដែលកីឡាករ Ramos ក៏​មិនបានលេង​ដែរ ចាប់​តាំងពីដើមឆ្នាំមុន។

ទោះបីជាយ៉ាង​នោះ​ក្ដី ខ្សែការពារចាស់វស្សាទាំង២ ត្រូវបានបញ្ចូលឈ្មោះក្នុងក្រុម ដែល​ត្រូវ​ជ្រើស​រើស​ ក្នុង​ចំណោម​ ៥៥​នាក់ដំបូងរបស់គ្រូបង្វឹក​លោក Luis Enrique ហើយអ្នកខ្លះជឿថា អ្នកចាត់ការរូប​នេះអាចយកយ៉ាងហោចណាស់ម្នាក់ ក្នុងចំណោម​ពួកគេ ដើម្បីបន្ថែមបទពិសោធខ្លះទៅក្នុងក្រុម ដែល​មើល​ទៅ​ហាក់​នៅ​ក្មេង​ខ្ចី​ណាស់។

ជាពិសេស កីឡាករ Ramos ទំនង​ជា​មានឱកាសល្អ ក្នុងការបាន​ធ្វើ​ដំណើរ​ទៅប្រទេសកាតាជាមួយនឹងប្រទេស​របស់ខ្លួន បន្ទាប់ពីធ្វើបានល្អ សម្រាប់​ក្រុម Paris Saint-Germai (PSG) នាពេលថ្មីៗនេះ។ តែ​យ៉ាងណាក៏ក្ដី យោងទៅតាមកាសែត Marca កីឡាករទាំង២ មិនត្រូវកាត់បញ្ចូល​​ក្នុង​បញ្ជី​ឈ្មោះ​ចុងក្រោយឡើយ ដោយទាំង ២នាក់ ជាផ្នែក១ នៃអ្នក​សំណាង​មិន​ល្អ​ ២៩រូប ដែលនឹងត្រូវដក​ឈ្មោះ​ចេញ​ពី​ក្រុម​​។

ការចុះ​ផ្សាយរបស់បណ្ដាញសារព័ត៌មាននៅអេស្ប៉ាញ បានឱ្យ​ដឹង​ថា លោក Enrique មិនចង់ឱ្យកីឡាករណាម្នាក់ជាចំណុចកណ្តាលនៃការទាក់​ទាញ​ចំណាប់​អារម្មណ៍ ឬប្រជែងឥទ្ធិពលរបស់ខ្លួននោះ​ឡើយ ហើយហេតុដូច្នេះ ត្រូវបានកំណត់ឱ្យ​ចេញត្រឡប់​ផ្ទះទាំង ២នាក់​តែម្ដង​។

ជំនួសមកវិញ ខ្សែការពារកណ្តាល ដែលគាត់នឹងត្រូវយកទៅធ្វើ​ជា​របង​របស់​ក្រុម​គោជល់អេស្ប៉ាញ នៅ World Cup ក្នុងនោះមាន​ដូច​ជា​កីឡាករ Eric Garcia, Aymeric Laporte, Inigo Martinez និង Pau Torres ដោយ​កីឡាករ ២នាក់​ខាង​ដើម ទំនងជាមាន​សិទ្ធិ​ខ្ពស់បំផុត ក្នុង​ការ​បាន​លេង​ជម្រើស​ដំបូង។

កីឡាករ Ramos អាចនឹងត្រូវ​បាន​កោះ​ហៅចូលក្រុម ប្រសិនបើមាននរណាម្នាក់រងរបួស ប៉ុន្តែកីឡាករ Pique ប្រហែល​មិន​អាច​ទេ ដោយ​សារ​រូប​គេមិនបានចូល​លេងច្រើនឱ្យ​ក្រុម Barcelona ក្នុងរដូវកាលនេះ ហើយក៏ធ្វើ​មិន​សូវ​បាន​ល្អ​នោះឡើយ នៅពេល​បាន​ចូល​ទីលាន។ កីឡាករ Diego Llorente និង Hugo Guillamon ទំនងជាមាន​អាទិភាពជាង ប្រសិន​បើ​មាន​ករណីចាំបាច់៕