កីឡា

Pioli ថា ការ​ឡើង​ទៅវគ្គ ១៦ក្រុម ទើបតែជា​ជំហាន​ដំបូង សម្រាប់ Milan

លោក Stefano Pioli បានពោលថា ក្រុម AC Milan របស់​លោក ទើបតែបានបោះជំហានដំបូង​របស់ខ្លួនប៉ុណ្ណោះ ក្នុង​ការវិលត្រឡប់​​ទៅកាន់ពេលវេលាដ៏អស្ចារ្យ​វិញ បន្ទាប់ពីដឹកនាំក្រុមយក្សអ៊ីតាលីឱ្យ​បាន​ឡើង​ទៅវគ្គបន្ទាប់​ នៅក្របខ័ណ្ឌ Champions League លើកដំបូង ក្នុងរយៈពេល ៩ឆ្នាំ។

សប្តាហ៍របស់លោក Pioli បានចាប់ផ្តើមចេញ​ដំណើរក្នុងទម្រង់ដ៏ល្អឥតខ្ចោះ ដោយការ​បន្តកិច្ច​សន្យាជាមួយក្លិប Milan ដល់ឆ្នាំ២០២៥ កាលពីថ្ងៃចន្ទ ហើយគាត់ក៏​បានផ្តល់រង្វាន់ដល់ក្លិបជាមួយ​នឹងជ័យជម្នះ ៤-០ លើក្រុម Salzburg កាលពីយប់ថ្ងៃពុធ ដែលលទ្ធផល​នេះ បានជួយ​ធានាចំណាត់ថ្នាក់លេខ ២ ក្នុងពូល E ដោយ​នៅ​ពី​ក្រោមក្រុម​តោខៀវ Chelsea។

ការឈាន​របស់ក្រុម Milan រហូត​ដល់​វគ្គ ១៦ក្រុមចុងក្រោយនៃការប្រកួតប្រជែងកម្រិត​កំពូលរបស់អឺរ៉ុបនេះ ធ្វើឱ្យ​ក្រុម​ជើង​ឯកនៃ​ក្របខ័ណ្ឌ Serie A ​មាន​ជីវិតជីវ៉ាឡើងវិញ ក្រោមការដឹកនាំរបស់លោក Pioli ប៉ុន្តែគ្រូបង្វឹក​វ័យ ៥៧ឆ្នាំរូបនេះ ចង់ឱ្យក្រុមរបស់គាត់មាន​គោលដៅខ្ពស់ជាងនេះទៀត​។

លោក Pioli បានប្រាប់អ្នក​សារព័ត៌មានថា៖ «វាទើប​តែជាជំហានដំបូងប៉ុណ្ណោះ យើងមិនអាចបញ្ឈប់ត្រឹម​នេះ​​ឡើយ។ ប្រសិនបើយើងចង់ជោគជ័យនៅអឺរ៉ុប យើងមិនអាចពេញចិត្តត្រឹម​តែ​ការបាន​ឡើង​ទៅវគ្គ ១៦ក្រុមចុងក្រោយនោះទេ ប៉ុន្តែត្រូវព្យាយាមបន្តទៅមុខទៀត»។

ការបញ្ចប់នៅ​លេខ២ ធ្វើ​ឱ្យ​ក្រុម Milan អាច​ជួប​ជាមួយ​ក្រុម Bayern Munich, Manchester City ឬ Real Madrid នៅជុំបន្ទាប់ ដោយ​ការ​ប្រកួត​ជើងទី ២ ត្រូវ​លេង​ក្រៅផ្ទះ។

ការសង្ស័យ ជុំវិញក្រុមដ៏គួរ​រំភើបរបស់លោក Pioli គឺសមត្ថភាពរបស់ពួកគេក្នុងការដោះស្រាយ​ជាមួយនឹងក្រុមកំពូលៗ របស់ទ្វីបអឺរ៉ុប ខណៈដែលពួកគេចាញ់​ក្រុម Chelsea យ៉ាងស្រួល​ៗ ក្នុងការប្រកួតទាំង ២​ជើង​របស់​ពួក​គេ ជាមួយក្លិបយក្ស នៅ​ក្របខ័ណ្ឌ Premier League មួយនេះ​។

លោក Pioli បានបន្ថែមថា៖ «នេះតែងតែជាក្រុមអ្នកនៃ​កីឡាករ ដែលមានការស្រេកឃ្លាន និង​មហិច្ឆតា​យ៉ាង​ខ្លាំង​ក្លាក្នុង​ការ​ធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន។ យើងជាជើងឯក នៅអ៊ីតាលី យើងមិនបានដណ្ដើម​សិទ្ធិមក Champions League តាមវិធី​ចាស់នោះ​ទេ។ យើងជាក្រុមល្អ។ ក្រុម​ណាដែលយើងប្រកួតជាមួយ នឹងក្លាយជាក្រុមល្អ។ ក្រុមណាដែលឈ្នះ​ជយលាភីលេខ ១ ក្នុង​ពូល​របស់ពួកគេ ក៏មានសមត្ថភាពឈ្នះជើង​ឯក Champions League បានដូច​គ្នា​ដែរ»។

ការចាប់ឆ្នោតសម្រាប់វគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នេះ នឹងធ្វើឡើងនៅទីក្រុង Nyon ប្រទេស​ស្វីស នា​ថ្ងៃចន្ទសប្ដាហ៍​ក្រោយ​៕