សន្ដិសុខសង្គម

អគ្គិភ័យឆេះក្លិបកម្សាន្តកំពុងសាងសង់ជិតរួចរាល់នៅខណ្ឌកំបូល

ភ្នំពេញ៖សំណង់ក្លិបកម្សាន្តមួយកំពុងដំណើរការសាងសង់ជិតរួចរាល់ ក៏ស្រាប់តែមាន​អគ្គិភ័យបានឆាបឆេះគ្រឿងសម្ភារខាងក្នុងអស់គ្មានសល់។

គ្រោះអគ្គិភ័យនេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា សំណង់ខាងលើជាប្រភេទបេតុង ប្រក់ស័ង្កសី ទំហំ១២ម៉ែត្រគុណ២៤ម៉ែត្រ។

សំណង់ក្លិបកម្សាន្តនេះកំពុងសាងសង់ជិតរួចរាល់ហើយ ដោយបំពាក់គ្រឿងសម្ភារខាងក្នុង ដូចជាអេប៉ុង-សាឡុង-កៅអី។លុះល្ងាច ក្រុមជាងផ្សារដែកកំពុងធ្វើការខាងក្នុងបង្កឱ្យ​ឆ្លងចរន្តភ្លើងបណ្តាលឱ្យឆេះអេប៉ុងរាលដាលពេញខាងក្នុងយ៉ាងន្ធោសន្ធៅ ត្រូវបានសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅជួយអន្តរាគមន៍។

ក្នុងហេតុការណ៍នោះសមត្ថកិច្ចបានប្រើរថយន្តចំនួន១២គ្រឿងបាញ់ទឹកពន្លត់ ហើយភ្លើងក៏បានរលត់ទៅវិញ តែមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនិងមិនបង្ក​គ្រោះថ្នាក់ដល់មនុស្សដែរ។ភ្លើងបានឆេះសម្ភារខាងក្នុងជាមួយសំណង់កំពុងសាងសង់នោះ ដោយមិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយ៕ដោយ៖វិចិត្រ