កីឡា

ស្កុតឡេន នឹងលេងជាមួយអង់គ្លេស ក្នុងការប្រកួតបាល់ទាត់គម្រប់ខួប ១៥០ឆ្នាំ

ក្រុម​ជម្រើស​ជាតិស្កុតឡេន នឹងធ្វើជាម្ចាស់ផ្ទះទទួល​ក្រុម​តោកំណាចអង់គ្លេស នៅឯកីឡដ្ឋាន Hampden Park ក្នុង​ទីក្រុង Glasgow នាឆ្នាំក្រោយ ដែលជាផ្នែក១ នៃការប្រារព្ធពិធី ដើម្បីរំឭកខួប ១៥០ឆ្នាំនៃវិស័យ​បាល់ទាត់ស្កុតឡេន។ ហ្គេម​នេះ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ កាលពីថ្ងៃពុធ។

ក្រុម​ទាំង២ នឹងជួបតទល់​គ្នា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍មួយ ដែលនឹងរំឭកដល់ការជួបគ្នាលើកដំបូងរបស់ពួកគេ នៅឯ​កីឡដ្ឋាន Hamilton Crescent ក្នុងទីក្រុងតែ១ ក្នុងខែវិច្ឆិកា ឆ្នាំ១៨៧២ ដែល​​ត្រូវបានទទួលស្គាល់ដោយស្ថាប័នគ្រប់គ្រងបាល់​ទាត់ពិភពលោក FIFA ថា ជាការប្រកួតលក្ខណៈអន្តរជាតិលើក​ដំបូង។

អ្នកចាត់ការរបស់ក្រុមស្កុតឡេន លោក Steve Clarke ដែលក្រុមរបស់គាត់ មិន​អាច​ដណ្ដើម​បាន​សិទ្ធិទៅ​ប្រកួតប្រជែង ក្នុង​ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា ដែលត្រូវ​ចាប់ផ្តើមក្នុងខែនេះ កំពុងរីករាយនឹងការប្រកួតឡើងវិញ នៅលើទឹកដី ក្នុង​ផ្ទះ​ខ្លួន​ឯង​។

លោកបាននិយាយថា៖ «ការប្រកួតនេះ ត្រូវបានបញ្ចូលក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ដែលជាការប្រកួតបាល់ទាត់អន្តរជាតិលើកដំបូងមិនធ្លាប់មាន ហើយខ្ញុំនឹងមានមោទនភាព ក្នុងការដឹកនាំក្រុមរបស់យើងចេញទៅ​ប្រកួត នៅ​កីឡដ្ឋាន Hampden ដែលជាផ្នែកមួយនៃការប្រារព្ធខួបលើកទី ១៥០​ឆ្នាំនៃការប្រកួតបាល់​ទាត់​របស់​ជាតិយើង»។

ការប្រកួត នៅទឹកដី Hampden នឹងក្លាយជាការជួបគ្នាលើកទី១១៦ រវាងក្រុមទាំង២ ដែលការប៉ះ​ចុងក្រោយ គឺអំឡុងការប្រកួត ក្នុង​វគ្គផ្តាច់ព្រ័ត្រ ក្នុង​កម្មវិធី Euro 2020 នាពហុកីឡដ្ឋាន Wembley កាលពីឆ្នាំមុន។ ហ្គេម​នោះ​បាន​បញ្ចប់​ទៅ​ដោយ​​ស្មើគ្នា ០-០ ដែល​ជា​លទ្ធផល​ដូច​គ្នា​នឹង​ការ​ជួប​គ្នា​លើក​ដំបូង​ដែរ។

គ្រូបង្វឹករបស់​ក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate ដែលកំពុងរៀបចំក្រុមចុង​ក្រោយ សម្រាប់ព្រឹត្តិការណ៍ World Cup បាននិយាយថា រាល់ការបាន​លេង​ទល់​នឹង​ក្រុមស្កុតឡេន គឺតែង​តែពិសេសជានិច្ច៕