សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងតាមចាប់តៃកុងរថយន្ត ដឹកទំនិញបង្កឱ្យបុរស២នាក់ស្លាប់មួយរំពេច

ព្រះសីហនុ៖សមត្ថកិច្ចកំពុងតាមចាប់តៃកុងរថយន្តធំដឹកទំនិញបើកហើយបត់ធ្វេសប្រហែសធ្វើឱ្យម៉ូតូជិះឌុបគ្នាបើកយ៉ាងលឿនមកបុកពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាម២នាក់។

នគរបាលចរាចរណ៍បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅផ្លូវឆ្ពោះទៅស្រុកស្ទឹងហាវ ត្រង់ឆ្នេរព្រែកត្រែង កាលពីថ្ងៃទី២ ខែវិច្ឆិកា។ មុនកើតហេតុ មានរថយន្តធំដឹកទំនិញធ្វើដំណើរតាមផ្លូវ ខាងលើ ហើយបានបត់ក្នុងស្ថានភាពធ្វេសប្រហែស។ពេលនោះក៏មានបុរស២នាក់ជិះម៉ូតូឌុបគ្នាបើក យ៉ាងលឿនមកបុករថយន្តពេញទំហឹងបណ្តាលឱ្យដួលស្លាប់ទាំង២នាក់តែម្តង។

បុរសដែលស្លាប់ឈ្មោះធន ថា អាយុ៣៦ឆ្នាំ ជាអ្នកបើកបរម៉ូតូ ស្នាក់នៅភូមិចម្ការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងឈ្មោះនាក់ ពេជ្រ អាយុ៣៩ឆ្នាំ ជាបុគ្គលិកគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ស្នាក់នៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ចំណែកតៃកុង រថយន្តមិនទាន់ ស្គាល់អត្តសញ្ញាណនៅឡើយ ព្រោះក្រោយពីកើតហេតុបានចុះរត់គេចខ្លួនបាត់។សមត្ថកិច្ចជំនាញកំពុង ស្រាវជ្រាវតាមរកចាប់អ្នកបើកបររថយន្តនោះមកទទួលខុសត្រូវចំពោះមុខច្បាប់៕ដោយ៖វិចិត្រ