សន្ដិសុខសង្គម

រថយន្តបើកបុកបង្គោលភ្លើងនិងបន្តទៅបុករបងផ្ទះគេឱ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ៖រថយន្តម៉ាក Ford Ranger បានបើកលឿនជ្រុលទៅបុកបង្គោលភ្លើង ហើយបន្តបុករបងផ្ទះគេ បណ្តាលរងការខូចខាតយ៉ាងដំណំនៅភូមិឫស្សីទី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែវិច្ឆិកា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានបុរសម្នាក់បានបើករថយន្តម៉ាក Ford Ranger ផ្លាកលេខកម្ពុជា SONSAKUN បើកបរតាមផ្លូវបេតុងពីត្បូងទៅជើងក្នុងល្បឿនលឿន។មកដល់កន្លែងខាងលើរថយន្តបានរេចង្កូតទៅបុកបង្គោលភ្លើង រួចបជ្រុលទៅបុករបងផ្ទះគេបណ្តាលឱ្យរងការខូចខាត៣ផ្ទាំង។ចំណែករថយន្តបង្កខូចខ្ទេចកំណាត់មុខហើយអ្នកបើកបរបានចុះគេចខ្លួនបាត់ តែក្នុងហេតុការណ៍នោះមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។

បន្ទាប់ពីនោះផ្នែកនគរបាលជំនាញបានចុះមកពិនិត្យវាស់វែង រួចយករថយន្តធំមកស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយពេលក្រោយ៕ដោយ ៖វិចិត្រ