អន្តរជាតិ

ប៉ូឡូញនឹងសាងសង់របងលួសបន្លាព្រំដែនជាមួយរុស្ស៊ីកម្ពស់ជាង២ម៉ែត្រ

ដោយឡែកប៉ូឡូញឯណោះវិញបាននិយាយថា នឹងប្រញាប់សាងសង់របងលួសបន្លានៅព្រំដែន​ជាមួយរុស្ស៊ីបណ្តោះអាសន្នកម្ពស់ជាង ២ម៉ែត្រ ដើម្បីទប់ស្កាត់ជនចំណាកស្រុកខុសច្បាប់។

រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសប៉ូឡូញ លោក Mariusz Blaszczak បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសប៉ូឡូញនឹងសាងសង់របងលួសបន្លាមុតស្រួចនៅតាមតំបន់ព្រំដែនរបស់ខ្លួន ដែលទីនោះហៅថាតំបន់ Kaliningrad ជាប់ជាមួយប្រទេសរុស្ស៊ី ចំពេលមានការព្រួយបារម្ភថា​តំបន់ជុំវិញអាចក្លាយជាផ្លូវសម្រាប់ការធ្វើចំណាកស្រុកខុសច្បាប់។ លោកថា ការសាងសង់​របាំងបណ្តោះអាសន្ននេះមានកម្ពស់ ២,៥ ម៉ែត្រ, នឹងចាប់ផ្តើមភ្លាមៗ។ ជាមួយនឹងភាពតានតឹង​កើនឡើងដោយសារតែសង្គ្រាមនៅអ៊ុយក្រែន លោកបានលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខ និងបានលើកឡើងពីវិបត្តិដែលបង្កឡើងកាលពីរដូវស្លឹកឈើជ្រុះចុងក្រោយ នៅពេលដែលជនចំណាកស្រុកអាហ្វ្រិក និងមជ្ឈិមបូព៌ារាប់ពាន់នាក់បានព្យាយាមឆ្លងកាត់ព្រំដែន​បេឡារុសចូលទៅក្នុងប្រទេសប៉ូឡូញ ដែលខ្លះបានបាត់បង់ជីវិត។

បន្ថែមពីនេះ លោក Blaszczak បាននិយាយថា របាំង Kaliningrad នឹងស្រដៀងទៅនឹងរបាំងដែល​ប៉ូឡូញបានបង្កើតឡើងនៅតាមព្រំដែនជាមួយបេឡារុសកាលពីឆ្នាំមុនអ៊ីចឹងដែរ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា