សន្ដិសុខសង្គម

បញ្ជូន៤អង្គទៀតទៅមន្ទីរពេទ្យ ខណ:ព្រះសង្ឃ៥១អង្គកំពុងព្យាបាលនៅឡើយ

បាត់ដំបង៖បញ្ជូនព្រះសង្ឃ៤អង្គបន្ថែមទៀតទៅមន្ទីរពេទ្យ ក្រោយមានសភាពក្តៅព្រះកាយ គ្រាដែលព្រះសង្ឃចំនួន៥១អង្គកំពុងអាពាធព្យាបាលនៅឡើយ។

មន្ត្រីសង្ឃដែលគង់នៅទីតាំងកើតហេតុវត្តខ្នាចរមាស ខេត្តបាត់ដំបង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកានេះ មានព្រះសង្ឃ៤អង្គទៀតបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារកើត​មានអាការក្អក ផ្តាសាយ និងក្តៅព្រះកាយ។

មកដល់ព្រឹកនេះ សង្ឃដែលកំពុងព្យាបាលទាំងនៅមន្ទីរពេទ្យនិងនៅវត្តបានកើនឡើងដល់ ៥៥អង្គ។ចំពោះស្ថានភាពនៅព្រឹកនេះ សាមណេរមួយចំនួនបានធូរស្រាលបន្តិច និងអង្គខ្លះទៀត​ស្ថានភាពព្រះកាយនៅក្តៅ ក្អក ផ្តាសាយ និងរលាកបំពង់កនៅឡើយ។មិនទាន់មានជាសះស្បើយ​ត្រឡប់ទៅរកស្ថានភាពធម្មតាឡើងវិញឡើយ។រីឯលទ្ធផលវិភាគជំងឺក៏នៅមិនទាន់មាន​មន្ត្រីជំនាញណាម្នាក់ចេញមកបញ្ជាក់ថា ជំងឺអ្វីឱ្យជាក់លាក់នៅឡើយដែរ។

ដោយឡែកលោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង អ្នកយកព័ត៌មាន មិនអាចសុំការបញ្ជាក់បានទេតាមទូរសព្ទ ចុចចូលហើយមិនលើក៕ដោយ: ព្រះអង្គខ្មៅ