សន្ដិសុខសង្គម

នាំជនសង្ស័យ៧នាក់ប្រើដាវ,កាំបិតប៉័ងតោ កាប់ប្លន់យកម៉ូតូទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែវិច្ឆិកានេះបានបញ្ជូនជនសង្ស័យ ៧នាក់ទៅតុលាការ ករណីប្រើដាវនិងកាំបិតប៉័ងតោកាប់លើជនរងគ្រោះឱ្យរងរបួសធ្ងន់ប្លន់យកម៉ូតូ។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងជំនាញបានស្រាវជ្រាវចាប់ជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៧នាក់ ពាក់ព័ន្ធព្រួតគ្នាប្រើដាវនិងកាំបិតប៉័ងតោកាប់ជនរងគ្រោះឱ្យរងរបួសក្បាលធ្ងន់ធ្ងរ។ក្រោយពីកាប់ឱ្យមនុស្សរងរបួស ពួកគេបានប្លន់យកម៉ូតូម៉ាកហុងដា ផ្លាកលេខកំពង់ស្ពឺ1O-6611ប្រព្រឹត្តនៅផ្លូវជាតិលេខ៣ ភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌពោធិ៍សែនជ័យ កាលពីទៀបភ្លឺថ្ងៃទី២៩ ខែតុលា កម្លាំងជំនាញចាប់បានទាំងដាវ,កាំបិតប៉័ងតោនិងម៉ូតូ របស់ជនរងគ្រោះ។

ជនសង្ស័យឈ្មោះសួន មុន្នីវឌ្ឍនា-ឈ្មោះ ជាបូណាធីស័ក្ក-ឈ្មោះ សុខសុភី-ឈ្មោះសែត រ៉ាវី-ឈ្មោះរ៉េត ការិទ្ធ-ឈ្មោះញានសុថាន-និងឈ្មោះភូសុខហេង។ពួកគេមានអាយុពី១៨ដល់៣១ឆ្នាំនៅសង្កាត់ កាកាប១-សង្កាត់ទឹកល្អក់១-សង្កាត់ឃ្មួញ-សង្កាត់ទឹកថ្លា-ក្រុងកំពត និងរាជធានីភ្នំពេញ។ចំណែកជនរងគ្រោះឈ្មោះខឹម ស្រស់ អាយុ៣៣ឆ្នាំ នៅភូមិក្បាលដំរី ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់បែកក្បាលដេរ៨ថ្នេរ៕ដោយ៖វិចិត្រ