សន្ដិសុខសង្គម

ចាប់បុរសចិនម្នាក់តាមដីកាតុលាការ ករណីរំលោភលើទំនុកចិត្ត

ភ្នំពេញ៖នគរបាលក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី២ ខែវិច្ឆិកា បានចាប់បុរសចិនម្នាក់​តាមដីកាតុលាការ ករណីរំលោភទំនុកចិត្តលើមុខរបរភាគហ៊ុនតាមបណ្តឹងរបស់មេធាវី។

សមត្ថកិច្ចបានឱ្យដឹងថា បុរសជនជាតិចិនជាប់ចោទឈ្មោះ  CHEN XUEWU អាយុ ៣៩ឆ្នាំ  នៅបុរីពិភពថ្មី គម្រោងទី២ សង្កាត់កន្ទោក ខណ្ឌកំបូល ត្រូវបាននគរបាលក្រសួងមហាផ្ទៃ ចាប់ ខ្លួននៅខណ្ឌពោធិ៍សែនជ័យ ។ដើមបណ្តឹងឈ្មោះ យុទ្ធ សុភ័ក្ត្រា ភេទស្រី ជនជាតិខ្មែរនិងឈ្មោះ CHIEN XUIEWU ភេទប្រុស នៅភូមិទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមបណ្តឹងមេធាវីបានបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០១៩ កូនក្តីរបស់ខ្លួននិងជនជាតិចិនដែលរស់នៅក្នុងប្រទេសកម្ពុជា បានចូលភាគហ៊ុនគ្នាដើម្បីបង្កើតក្រុមហ៊ុន ហ្សេតអេហ្វ ត្រេឌីង ខេមបូឌា សាងសង់ អគារ Zhengfu Material City Building កម្ពស់២ជាន់ ស្ថិតនៅដីឡូត៍លេខ F, G និងស្ថិតនៅតាមមហាវិថីសម្តេចតេជោ ហ៊ុនសែន គឺផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

បច្ចុប្បន្នបុរសចិនឈ្មោះ CHEN XUEWU ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយនាំទៅនាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ