សន្ដិសុខសង្គម

ក្មេង៣នាក់លង់ទឹកស្លាប់កន្លែងផ្សេងគ្នាថ្ងៃតែមួយក្នុងខេត្តកណ្ដាល

កណ្ដាល៖កាលពីថ្ងៃទី២ ខែវិច្ឆិកា មានក្មេង៣នាក់បានលង់ទឹកស្លាប់នៅកន្លែងផ្សេងៗគ្នា។ហេតុការណ៍ទី១-នៅស្រុកកណ្ដាលស្ទឹង ទី២-នៅស្រុកល្វាឯម ក្នុងខេត្តកណ្ដាល។

មន្ត្រីនគរបាលខេត្តកណ្តាលបានឱ្យដឹងថា ក្មេង៣នាក់ដែលបានលង់ទឹកស្លាប់នោះ​ករណីទី១-នៅស្រះទឹកក្នុង​វត្តភូមិ​តាឡឹក​ ឃុំត្រពាំងវែង​ ស្រុកកណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ កាលពីល្ងាចថ្ងៃទី២ខែវិច្ឆិកា បណ្ដាលឱ្យស្លាប់២នាក់។ក្មេងប្រុស២នាក់ស្លាប់ឈ្មោះ​ ពៅ​ រតនា អាយុ​១៣ឆ្នាំជាសិស្ស​នៅភូមិគ្រាំងឈើនាង ​​ឃុំត្បែងស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល​។​ឈ្មោះ​សុង​ ហ៊ូ​អ៊ីន​ អាយុ​១៤​ឆ្នាំ ជាសិស្ស​នៅ​ភូមិឃុំខាងលើ។

ទី២-នៅម្តុំឆ្នេរទន្លេមេគង្គក្រោម ក្នុងភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម​ ខេត្ត​កណ្ដាល​ កាលពីល្ងាចថ្ងៃទី២ខែ វិច្ឆិកា បណ្ដាលឱ្យក្មេងប្រុសម្នាក់ស្លាប់ឈ្មោះ​ឈុន សុខណេត អាយុ៦ឆ្នាំ នៅបន្ទុកឪពុកម្តាយភូមិឃុំខាងលើ​។

ក្រោយពីមានកូនសំណព្វចិត្តបាត់បង់ជីវិតដោយសារការលង់ទឹករួចមក ក្រុមគ្រួសារបានយកសព​ទៅធ្វើបុណ្យ​រៀងៗខ្លួនដោយមានទុក្ខសង្រេងជាទីបំផុត៕ដោយ៖វិចិត្រ