កីឡា

Liverpool បញ្ចប់ដំណើរមិនចាញ់របស់ Napoli តែមិនអាចឈរទី ១

Liverpool បានបញ្ចប់ការមិនស្គាល់បរាជ័យសោះ ក្នុងការប្រកួតចំនួន ២១ដងរបស់ក្រុម Napoli ប៉ុន្តែយ៉ាងណាក្ដី ការទទួលជ័យជម្នះ ២-០ កាលពីយប់ថ្ងៃអង្គារ គឺមិនគ្រប់គ្រាន់ ក្នុងការទម្លាក់ក្រុមទៅពីអ៊ីតាលីចេញពីចំណាត់ថ្នាក់ទី១ ក្នុងពូល A នៅក្របខ័ណ្ឌ Champions League បាននោះឡើយ។

ក្រុមទាំង២ សុទ្ធតែដណ្ដើមបានកៅអីដូចគ្នារួចហើយ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ក្នុងនាមជាក្រុមលេខ ១ និងលេខ ២ ក្នុងពូល ប៉ុន្តែក្រុមរបស់លោក Jurgen Klopp បានប្រឹងប្រែង ដើម្បីលុបបញ្ហា នៅក្របខ័ណ្ឌ Premier League របស់ពួកគេ ជាមួយនឹងរាត្រីប្រកួត នៅអឺរ៉ុប នាកីឡដ្ឋាន Anfield នេះ។

Liverpool បានទុកចោលមួយឡែកសិន សម្រាប់ការចាញ់ដ៏គួរឱ្យភ្ញាក់ផ្អើល ក្នុងផ្ទះខ្លួនឯង Premier League កាលពីថ្ងៃសៅរ៍ ក្រោមដៃរបស់ក្រុម Leeds  ខណៈដែលគ្រាប់បាល់ចុងម៉ោងពីខ្សែប្រយុទ្ធ Mohamed Salah ដែលជាការស៊ុតបញ្ចូលទី ក្នុងការប្រកួត នៅ Champions League ៥ដងបន្តបន្ទាប់គ្នា និងពីកីឡាករ Darwin Nunez បានជួយឱ្យក្រុមហង្សក្រហមសងសឹកបានវិញ ចំពោះការបរាជ័យ ៤-១ នៅក្រុង Naples កាលពីខែកញ្ញា។

គ្រូបង្វឹករបស់ក្រុម Liverpool លោក Klopp បាននិយាយថា៖ «យើងបានបង្ហាញឱ្យប្រតិកម្មតបដ៏ល្អមួយ។ ពេលវេលាកាន់តែខើច កាន់តែធ្វើឱ្យមានភាពខុសប្លែកគ្នា។ ភ្លាមៗ យើងបានបង្កើតការប្រកួតប្រជែង នៅកន្លែងដ៏ត្រឹមត្រូវ ហើយភ្លាមៗ យើងពិបាកនឹងធ្វើការប្រកួតប្រជែង។ ខ្ញុំគិតថា ប្រសិនបើអ្នកឃើញអ្វីដែលក្រុម Napoli អាចធ្វើបាន នាពេលនេះ អ៊ីចឹង វាគឺជាហ្គេមដ៏ល្អយ៉ាងពិតប្រាកដ សម្រាប់ពួកយើង»។ក្រុម Napoli បានធ្វើដំណើរមកដល់ទឹកដី Anfield ជាមួយនឹងការស៊ុតបញ្ចូលទីបានរួចហើយចំនួន ៥០គ្រាប់ នៅរដូវកាលនេះ ប៉ុន្តែពួកគេមិនអាចបង្កើតនូវទម្រង់ដ៏ល្អបំផុតរបស់ពួកគេបាននោះទេ ដោយមិនមានកម្លាំងជំរុញចិត្ត ក្នុងការដណ្ដើមយកជ័យជម្នះ៕