ព័ត៌មានជាតិ

រាំងកសិន្ធុផ្នែកខាងជើងស្ពានហាល នៃប្រាសាទអង្គរវត្តប្រវែង២០ម៉ែត្រទៀតនឹងបញ្ចប់ការជួសជុល

សៀមរាប៖ ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការឱ្យដឹងថា គម្រោងជួសជុលច្រាំងកសិន្ធុផ្នែកខាងជើង​ស្ពានហាលនៃប្រាសាទអង្គរវត្ត ប្រវែង២០ម៉ែត្រថ្មីទៀតអាចនឹងបញ្ចប់នៅមុន​ការគ្រោងទុក។

ក្រុមការងារអះអាងបែបនេះ  បន្ទាប់ពីការងាររៀបកាំជណ្តើរថ្មបាយក្រៀមរួចរាល់ ការរៀបកាំជណ្តើរថ្មភក់បុរាណត្រូវធ្វើតាមលំដើមឡើងវិញ មានដំណើរការឆាប់រហ័ស  ដែលមកដល់ពេលនេះនៅសល់តែកាំជណ្តើរថ្មភក់ប្រហែល២ទៅ៣កាំទៀតប៉ុណ្ណោះ ដែលនឹងត្រូវធ្វើបង្ហើយចុងក្រោយ។

បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ របស់អាជ្ញាធរជាតិអប្សរា និងជាប្រធានការដ្ឋានជួសជុលច្រាំងកសិន្ធុអង្គរវត្តជ្រុងខាងជើង អ្នកស្រី នង បូរ៉ាវី មានប្រសាសន៍ថា ការងារជួសជុលច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាល​នៃប្រាសាទអង្គរវត្ត អាចនឹងបញ្ចប់ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារតែការរៀប​កាំជណ្តើរថ្មភក់បុរាណត្រូវតាមលំនាំដើមមានដំណើរការរលូនល្អ មិនបាច់រើផ្គុំច្រើនលើក​ច្រើនសា។

អ្នកស្រី នង ប៉ូរ៉ាវី ឱ្យដឹងទៀតថា បច្ចុប្បន្ននេះ ការងារជួសជុលច្រាំងកសិន្ធុផ្នែកខាងជើង​ស្ពានហាលនៃប្រាសាទអង្គរវត្ត ដែលនៅសេសសល់ប្រហែល១០ភាគរយប៉ុណ្ណោះ ដូចជាការសម្អាត និងបំពេញថ្មភក់ថ្មីជំនួសថ្មភក់ចាស់ដែលបាត់បង់ ដើម្បីឱ្យកជណ្តើរ​មានលំនឹងឡើងវិញ។

គម្រោងជួសជុលច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាលនៃប្រាសាទអង្គរវត្ត បានចាប់ផ្ដើមឡើងតាំងពីអំឡុងខែមីនា ឆ្នាំ២០២២មក ដែលហូតមកដល់ពេលនេះ មានរយៈពេលប្រមាណ៧ខែមកហើយ។

ជាច្រើនទសវត្សមកហើយច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាលនៃប្រាសាទអង្គរវត្តនេះ បានរងការខូចខាត ដោយរលំបាត់បង់ភាពដើមស្ទើរតែទាំងស្រុង បណ្តាលមកពីអាយុកាល ស្ថានភាពគ្រឹះពុកផុយ ធ្វើឱ្យថ្មនៅខាងលើរមៀលធ្លាក់ គួបផ្សំនឹងឫសឈើ ដែលដុះនៅតាមច្រាំងកសិន្ធុចាក់បំផ្លាញផងនេះជាបញ្ហាម្យ៉ាង ចំណែកបញ្ហាម្យ៉ាងទៀត កម្ពស់ទឹកពីសម័យមុនឡើងចុះមិនទៀងទាត់ក៏អាចធ្វើឱ្យគ្រឹះខូចខាតដែរ។

ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាបានអនុវត្តគម្រោង​ជួសជុលច្រាំងកសិន្ធុអង្គរវត្ត ជ្រុងខាងជើងចំនួន៧ដំណាក់កាលរួចមកហើយ បើគិតជាប្រវែងសរុបចំនួនប្រមាណ១៤៣ម៉ែត្រ៕