សន្ដិសុខសង្គម

ចាប់បុគ្គលិកក្រុមហ៊ុនម្នាក់ទៅទារលុយ ម្ដាយមិននៅចាប់រំលោភកូនស្រី

ប៉ៃលិន៖កម្លាំងនគរបាលប៉ុស្តិ៍សាលាក្រៅ បានចាប់បុគ្គលិកក្រុមហ៊ុន“ប្រសិទ្ធភាពក្រេឌីត”ម្នាក់ពាក់ព័ន្ធទៅទារលុយគេជំពាក់តែម្ដាយមិននៅ ក៏ចាប់កូនស្រីអាយុ១២ឆ្នាំរំលោភ​បានសម្រេច។ករណីខាងលើបានកើតឡើងនៅត្រង់ស្រែម្អម ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា។

មន្ត្រីនគរបាលបានឱ្យដឹងថា នៅថ្ងៃកើតហេតុ មានទូរសព្ទពីមេភូមិភ្នំស្ពង់និងម្តាយ​ក្មេងរងគ្រោះ​ប្រាប់ថា ជនសង្ស័យចាប់រំលោភសេពសន្ថវៈអនីតិជនអាយុក្រោម១៥ឆ្នាំ។

ក្រោយពីទទួលបណ្តឹង កម្លាំងជំនាញបានចុះដល់គោលដៅ ហើយចាប់ខ្លួនអ្នកប្រព្រឹត្ត​បានភ្លាមៗ។បុរសនោះឈ្មោះង៉ែត វ៉ាឃីម អាយុ២០ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន​“ប្រសិទ្ធភាព​ក្រេឌីត” នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន។ចំណែកក្មេងរងគ្រោះអាយុ១២ឆ្នាំ ជាសិស្ស រស់នៅភូមិភ្នំស្ពង់ ក្រុងប៉ៃលិន។

បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យបានសារភាពថា រូបគេពិតជាបានប្រព្រឹត្តទៅលើក្មេងស្រី​អនីតិជនប្រាកដមែន ហើយនគរបាលបានចាត់វិធានការតាមនីតិវិធី៕ដោយ៖វិចិត្រ