សន្ដិសុខសង្គម

កំពុងស្រាវជ្រាវករណីឆេះផ្ទះអស់១ល្វែង ស្លាប់ម្នាក់និងរថយន្ត១គ្រឿង

ស្វាយរៀង៖កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវរកមូលហេតុនៃការឆេះផ្ទះល្វែងមួយបណ្តាលឱ្យស្លាប់មនុស្សម្នាក់ បាត់បង់ទ្រព្យសម្បត្តិជាច្រើន និងរថយន្ត១គ្រឿងដែលនៅក្នុងផ្ទះ នោះ។គ្រោះអគ្គិភ័យបានកើតឡើងនៅមុខផ្សារស្វាយជ្រំ ស្រុកស្វាយជ្រំ ក្រុងស្វាយរៀង កាលពីម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២ខែវិច្ឆិកា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានសំឡេងផ្ទុះចេញពីក្នុងផ្ទះល្វែងនោះ ហើយបង្កការភ្ញាក់ផ្អើលឡើង។បន្ទាប់មកស្រាប់តែមានផ្សែងហុយនិងភ្លើងឆេះ យ៉ាងសន្ធោសន្ធៅ ពលរដ្ឋបានរាយការណ៍ប្រាប់ខាងរថយន្តពន្លត់អគ្គិភ័យមកជួយ អន្តរាគមន៍។ខណៈភ្លើងកំពុងឆេះ សោទ្វារផ្ទះបានចាក់ជាប់ពីខាងក្នុង ដោយមិនអាចជួយ សង្គ្រោះបុរសចំណាស់ម្នាក់បាន ត្រូវភ្លើងឆេះស្លាប់ក្នុងភ្នក់ភ្លើងនិងរថយន្តមួយគ្រឿង។

បន្តិចក្រោយមកសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងបាញ់ទឹក ហើយភ្លើងក៏បានរលត់ទាំងស្រុង និងមិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ។ក្នុងករណីនេះសមត្ថកិច្ចមិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយ ដោយខាងជំនាញកំពុងសាកសួរនិងស្រាវជ្រាវរកមូលហេតុពិត៕ដោយ៖វិចិត្រ