អន្តរជាតិ

អ៊ុយក្រែន៖ អ៊ីរ៉ង់គ្រោងបញ្ជូនយន្តហោះ គ្មានមនុស្សបើកជាង២០០គ្រឿងឲ្យរុស្ស៊ីទៀតហើយ

ក្រសួងការពារជាតិអ៊ុយក្រែនបានជូនដំណឹងជាថ្មីថា អ៊ីរ៉ង់គ្រោងរៀបចំបញ្ជូនយន្តហោះ​គ្មានមនុស្សបើកជាង ២០០គ្រឿងទៅឲ្យរុស្ស៊ីទៀតហើយ។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានចុះនៅលើគេហទំព័រការពារជាតិអ៊ុយក្រែន កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងនោះបាននិយាយថា  “នៅដើមខែវិច្ឆិកានេះ យន្តហោះគ្មាន​មនុស្សបើកប្រយុទ្ធអ៊ីរ៉ង់ប្រភេទ Shahed-136, Mohajer-6 និង Arash-2 ទាំងអស់សរុបជាង ២០០ គ្រឿងត្រូវបានគ្រោងនឹងបញ្ជូនពីប្រទេសអ៊ីរ៉ង់ទៅកាន់សហព័ន្ធរុស្ស៊ី”។

សព្វាវុធដ៏គ្រោះថ្នាក់នេះនឹងត្រូវបញ្ជូនឆ្លងកាត់សមុទ្រ Caspian ទៅកាន់កំពង់ផែ Astrakhan ។ យន្តហោះគ្មានមនុស្សបើកទាំងអស់នឹងមិនចាំបាច់ដំឡើងផ្គុំអ្វីនោះទេ មកដល់ទឹកដី​រុស្ស៊ីភ្លាមគឺប្រើបានភ្លាមតែម្តង។ ក្រសួងបានបន្ថែមថា “ចាប់តាំងពីថ្ងៃទី ១៣ ខែកញ្ញា នៅពេលដែលរុស្ស៊ីបានប្រើយន្តហោះគ្មានមនុស្សបើក kamikaze របស់ អ៊ីរ៉ង់ជាលើក​ដំបូងមក កងកម្លាំងការពារអ៊ុយក្រែនបានបាញ់ទម្លាក់បានប្រហែលជាង ៣០០គ្រឿងហើយ”។ ជុំវិញព័ត៌មានរសើបនេះ រុស្ស៊ីមិនបានឆ្លើយតបនោះទេ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា