អន្តរជាតិ

អ៊ុយក្រែនស្នើឲ្យG20បណ្តេញរុស្ស៊ីចេញពីក្រុម ព្រោះដៃពូទីនប្រលាក់សុទ្ធតែឈាម

អ៊ុយក្រែនស្នើឲ្យក្រុមប្រទេសសេដ្ឋកិច្ចយក្សទាំង២០ មេត្តាបណ្តេញរុស្ស៊ីចេញពីក្រុម និងលុបចោលវត្តមានរុស្ស៊ីពីកិច្ចប្រជុំ ដោយលើកហេតុផលថា​ដៃរបស់ពូទីនមាន ប្រឡាក់សុទ្ធតែឈាម។

នេះដោយយោងតាមសាររបស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Oleg Nikolenko តាមរយៈបណ្តាញសង្គមធ្វីតធ័រ កាលពីថ្ងៃទី ១ ខែវិច្ឆិកា។ លោកអំពាវនាវយ៉ាង​ម៉ឺងម៉ាត់ទៅកាន់មេដឹកនាំ ក៏ដូចជាសមាជិកទាំងអស់នៃក្រុមប្រទេសសេដ្ឋកិច្ច  យក្សទាំង ២០ ឬហៅថា G20 ឲ្យចាត់វិធានការតឹងរ៉ឹងដករុស្ស៊ីចេញពីក្រុម និងលុបចោលការកោះហៅ​អញ្ជើញប្រជុំនានា។ អ្នកនាំពាក្យរូបនេះបានលើកឡើងពីមូលហេតុថា “លោក ពូទីន ត្រូវបានគេទទួលស្គាល់ជាសាធារណៈចំពោះការបញ្ជាទិញមីស៊ីល យកមកបាញ់លើជន​ស៊ីវិល​អ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធថាមពលយ៉ាងសាហាវព្រៃផ្សៃ” ។ “ដៃរបស់គាត់​ប្រឡាក់ដោយឈាម គាត់មិនត្រូវអនុញ្ញាតឱ្យអង្គុយនៅតុជាមួយមេដឹកនាំពិភពលោកទេ”។ “ការ​អញ្ជើញ​​លោក​ពូទីន​ទៅ​កិច្ច​ប្រជុំ​កំពូល​កោះ​បាលី​ក៏គួរ​តែ​ត្រូវ​បាន​ដក​ហូតលុបចោល”។

មិនទាន់មានការឆ្លើយតបពីមេដឹកនាំ G20នោះទេ។ តាមការគ្រោងទុក កិច្ចប្រជុំG20 នឹងធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី ១៥ និង ១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា