កីឡា

សហព័ន្ធបាល់ទាត់អ៊ុយក្រែន អំពាវនាវឱ្យ FIFA ហាមឃាត់អ៊ីរ៉ង់ពី World Cup

សហព័ន្ធបាល់ទាត់អ៊ុយក្រែន (UAF) បានដាក់សំណើទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដើម្បីសុំកុំឱ្យអនុញ្ញាតក្រុមជម្រើសជាតិអ៊ីរ៉ង់ ក្នុងការចូលរួមព្រឹត្តិការណ៍ World Cup នាពេលខាងមុខ ដោយចោទប្រកាន់ថា ប្រទេសសាធារណរដ្ឋអ៊ិស្លាមមួយនេះ មានទំនាក់ទំនងជាមួយរុស្ស៊ី។

ការចូលរួមរបស់អ៊ីរ៉ង់ ក្នុងកម្មវិធីប្រកួតប្រជែងដ៏ធំ នារដូវរងានេះ ត្រូវបានជំទាស់រួចហើយជុំវិញការរំលោភសិទ្ធិមនុស្សរបស់ប្រទេសនេះ ដោយឥស្សរជនអ៊ីរ៉ង់សំខាន់ៗមួយចំនួន បានចោទប្រកាន់ថា បានបំពានច្បាប់របស់ FIFA ដោយការហាមឃាត់ស្ត្រី ពីការចូលកីឡដ្ឋានបាល់ទាត់។

ឥឡូវនេះ អ្នកទទួលខុសត្រូវលើវិស័យកីឡាបាល់ទាត់របស់ប្រទេសអ៊ុយក្រែន បានចោទប្រកាន់អ៊ីរ៉ង់ថា បានផ្តល់អាវុធដល់យោធារុស្ស៊ី និងជួយគាំទ្រការឈ្លានពានរបស់ពួកគេលើអ៊ុយក្រែន ដែលវានឹងជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

សេចក្ដីថ្លែងការណ៍របស់ UAF បានរៀបរាប់ថា៖ «ដោយពិចារណាលើព័ត៌មានអំពីការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ក្នុងប្រទេសអ៊ីរ៉ង់ ដែលអាចបំពានលើបទបញ្ញត្តិ និងបទដ្ឋាននៃលក្ខន្តិកៈរបស់ FIFA ដោយពិចារណាដល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាក់ទងនឹងការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ហើយការពាក់ព័ន្ធដែលអាចមានរបស់អ៊ីរ៉ង់ នៅក្នុងការឈ្លានពានផ្នែកយោធារបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ស្នើសុំឱ្យ FIFA ពិចារណាដកក្រុមជម្រើសជាតិអ៊ីរ៉ង់ពីការប្រកួត FIFA World Cup 2022»។

មន្ត្រីអ៊ីរ៉ង់ បានបដិសេធ ពីការមានជាប់ពាក់ព័ន្ធនៅក្នុងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែសហរដ្ឋអាមេរិក បានចោទប្រកាន់ជាយូរមកហើយថា ប្រទេសនេះ បានផ្គត់ផ្គង់មីស៊ីលទៅឱ្យទីក្រុងម៉ូស្គូ។

លិខិតរបស់អ៊ុយក្រែនផ្ញើទៅកាន់ FIFA នេះ ក៏បានស្នើឱ្យដកក្រុមជម្រើសជាតិរុស្ស៊ីចេញពី FIFA និង UEFA (សហព័ន្ធបាល់ទាត់អឺរ៉ុប) តែម្ដង។ ក្រុមរុស្សីត្រូវបានហាមឃាត់រួចហើយ ពីការចូលរួម ក្នុងការប្រកួតធំៗ ប៉ុន្តែនៅតែជាផ្នែករបស់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ទាំង ២ ដដែល៕