សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងស្វែងរកចាប់ស្រ្តីបើករថយន្ត ចូលចតកិនក្មេងស្លាប់រួចបើករត់បាត់

កណ្តាល៖សមត្ថកិច្ចកំពុងតាមចាប់ស្រ្តីម្នាក់បើករថយន្តចូលចត ហើយបានកិន​ក្មេងប្រុសតូចអាយុ៣ឆ្នាំឱ្យស្លាប់ រួចបើករថយន្តនោះរត់គេចខ្លួនបាត់។

លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងស្ថិតនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា។

ក្មេងប្រុសត្រូវរថយន្តកិនបែកក្បាលស្លាប់នោះឈ្មោះនៅ​ ណាលី អាយុ៣ឆ្នាំ នៅភូមិ-ឃុំខាងលើ។ចំណែកឯស្ត្រីបង្កឈ្មោះឆាង រក្សា អាយុ២៣ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សារកៀនស្វាយផ្លាហ្សា ក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ កំពុងរត់គេចខ្លួន។

មុនកើតហេតុ ក្មេងរងគ្រោះបានជិះកង់លេងឌុបគ្នាជាមួយក្មេងម្នាក់ទៀតឈ្មោះតូច សុភត្រា អាយុ៤ឆ្នាំ។ពេលនោះស្រ្តីឈ្មោះឆាង រក្សា បានបើករថយន្តម៉ាកតូយូតាព្រូស ផ្លាកលេខ ភ្នំពេញ 2BL .8563 ចូលមកក្នុងបរិវេណឃ្លាំងដើម្បីចតរថយន្ត។ឃើញដូច្នេះក្មេងប្រុសដែលជាអ្នកឌុបប្រឹងធាក់កង់ឱ្យលឿន ស្រាប់តែក្មេងប្រុសដែលអង្គុយក្រោយបានធ្លាក់ពីលើកង់ ក៏ត្រូវរថយន្តកិនស្លាប់តែម្តង។ក្រោយកើតហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ស្ត្រីបើករថយន្តបង្កឱ្យក្មេងស្លាប់​យកមកទទួលខុសត្រូវក្នុងករណីនេះ៕ដោយ៖វិចិត្រ