អន្តរជាតិ

រុស្ស៊ីប្រកាសជម្លៀសប្រជាជនលើ១៥គីឡូម៉ែត្របន្ថែមនៅឃើសន ដោយខ្លាចអ៊ុយក្រែនវាយផ្តាច់ទំនប់ទឹក

រដ្ឋបាលរុស្ស៊ីកាន់កាប់នៅតំបន់ឃើសនអ៊ុយក្រែនភាគខាងត្បូង បានប្រកាសជម្លៀស​ប្រជាជននៅលើដី១៥គីឡូម៉ែត្របន្ថែម ដោយខ្លាចថាកម្លាំងអ៊ុយក្រែននឹងវាយផ្តាច់​ទំនប់ទឹកហូរជន់លិច។

លោក Vladimir Saldo ជាអភិបាលគ្រប់គ្រងនៅទីនោះតែងតាំងដោយរុស្ស៊ីផ្ទាល់ បានមាន​ប្រសាសន៍តាមបណ្តាញសារតេលេក្រាមយ៉ាងក្បោះក្បាយកាលពីល្ងាចថ្ងៃចន្ទថា ការជម្លៀស​គឺដើម្បីរក្សាជីវិតប្រជាជន ការពារជីវិតពីការតាមបំផ្លាញដោយរបបទីក្រុងកៀវ។ “ដោយសារតែលទ្ធភាពនៃការប្រើប្រាស់វិធីសាស្រ្តហាមឃាត់នៃសង្រ្គាមដោយរបបអ៊ុយក្រែន ក៏ដូចជាព័ត៌មានដែលថាទីក្រុង Kyiv កំពុងរៀបចំការវាយប្រហារដោយកាំជ្រួចដ៏ធំមួយ​លើស្ថានីយវារីអគ្គិសនី Kakhovka ធ្វើឲ្យមានគ្រោះថ្នាក់ជន់លិចភ្លាមៗដល់តំបន់ Kherson”។ “ដោយមើលឃើញពីស្ថានភាពនេះ ខ្ញុំបានសម្រេចចិត្តពង្រីកតំបន់ជម្លៀសបន្ថែមចម្ងាយ ១៥ គីឡូម៉ែត្របួនជ្រុងពី Dnipro ការសម្រេចចិត្តនេះនឹងបង្កើតជាការការពារស្រទាប់ថ្មីមួយ​ដើម្បី​ទប់ទល់នឹង​ការវាយប្រហារ”។

មិនទាន់មានដំណឹងឆ្លើយតបថ្មីពីខាងលោកហ្សេឡិនស្គីទេ ក៏ប៉ុន្តែកាលពីពេលកន្លងទៅ មិនថារុស្ស៊ី​ ឬ​អ៊ុយក្រែន​នោះទេ ពួកគេសុទ្ធតែបានច្រានចោលរៀងៗខ្លួន និងបាន​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​គម្រោង​វាយ​ប្រហារ​ទំនប់​វារីអគ្គិសនីនៅតំបន់ឃើសន ដែលជាភូមិ​សាស្រ្ត​សមរភូមិដ៏មមាញឹកមួយ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា