សន្ដិសុខសង្គម

រថយន្តតម្លៃរាប់សិបម៉ឺនដុល្លារបើកបុកគ្នាខូចខ្ទេច មិនគ្រោះថ្នាក់ដល់មនុស្ស

ភ្នំពេញ៖រថយន្ដទំនើបម៉ាក BMW តម្លៃរាប់សិបម៉ឺនដុល្លារ បានបើកបំពានភ្លើងស្តុបក៏បុកគ្នា​ជាមួយរថយន្តម៉ាកហាយឡិនឌ័របណ្តាលឱ្យខូចខ្ទេច តែមិនបង្កគ្រោះថ្នាក់ដល់ជីវិត​មនុស្សទេ។

ហេតុការណ៍នេះបានកើតឡើងនៅត្រង់ស្ដុបទេពផន ក្នុងខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា។កម្លាំងប្រចាំគោលដៅបានឱ្យដឹងថា មុនកើតហេតុ មានរថយន្តទំនើបម៉ាក BMW មិនមានផ្លាកលេខ បើកបរដោយស្ត្រីម្នាក់ដែលគេស្គាល់ជាអ្នកលក់ឡេនិងមេតុងទីន​ដ៏ល្បីឈ្មោះ ម៉ូលីកា ប្រើល្បឿនលឿន ហើយបានបំពានភ្លើងស្តុប។

ពេលនោះក៏មានរថយន្តម៉ាកហាយឡិនឌ័រ ផ្លាកលេខភ្នំពេញ 2AJ 1503កំពុងឆ្លងស្តុប​បានបុកគ្នាពេញទំហឹង បណ្តាលឱ្យរថយន្តខូចខ្ទេចទាំងសងខាង។បន្ទាប់ពីបង្កហេតុ ស្ត្រីបើករថយន្តទំនើបបានចុះគេចខ្លួនបាត់បន្សល់រថយន្តនៅទីនោះ។ក្រោយមកសមត្ថកិច្ច​ក៏បានចុះវាស់វែងរួចយករថយន្តទាំង២ទៅរក្សាទុកដើម្បីបន្ដនីតិវិធី៕ដោយ៖វិចិត្រ