សន្ដិសុខសង្គម

តាមចាប់ក្រុមសង្ស័យប្រើថ្នាំសណ្តំយកលុយនិងទ្រព្យសម្បត្តិនៅក្រុងស្វាយរៀង

ស្វាយរៀង៖សមត្ថកិច្ចបន្តស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យ៣នាក់ ជិះរថយន្តមួយគ្រឿង​បន្ទាប់ពីចូលហាងសាឡនកក់សក់ប្រើថ្នាំសណ្តំយកលុយនិងទ្រព្យសម្បត្តិជាច្រើន ដែលហេតុការណ៍នេះស្ថិតនៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

មន្ត្រីនគរបាលបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះកុយ សុផាណា អាយុ៣៦ឆ្នាំ ជាម្ចាស់ហាង​ផាន់ណាសាឡន នៅភូមិសង្កាត់ខាងលើ។

ម្ចាស់ហាងបានប្រាប់សមត្ថកិច្ចថា សម្ភារដែលបាត់បង់ប្រាក់ចំនួន១៧.៥០០ដុល្លារ ចិញ្ចៀនផ្លាទីន២វង់ទម្ងន់៦ហ៊ុន ខ្សែដៃផ្លាទីន១ជីកន្លះនិងក្រវិលមាស១ហ៊ុនជារបស់កូន។មុនកើតហេតុមានក្រុមជនសង្ស័យ៣នាក់បានជិះរថយន្តមិនស្គាល់ម៉ាកចូលក្នុងហាងរបស់ខ្លួនដោយប្រាប់ថាមកកក់សក់។

បន្ទាប់មកជនសង្ស័យម្នាក់បានសុំឱ្យប្រើសាប៊ូរបស់ពួកគេវិញ ហើយចាក់ដាក់បាតដៃ​ឱ្យហិត។ពេលនោះខ្លួនបានវង្វេងស្មារតីក៏ដើរចូលក្នុងផ្ទះចាក់សោយកលុយ​ទាំងអស់ដែលមានឱ្យពួកគេ។ក្រោយពីបានលុយនិងគ្រឿងអលង្ការរួចហើយ ក្រុមនោះបានបើករថយន្តចេញពីហាងបាត់ ទើបដឹងខ្លួនវិញបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកក្រុមគ្រួសារបានដឹកទៅមន្ទីរពេទ្យ ព្រោះមានអាការរវើរវាយខុសធម្មតា​ក្រោយត្រូវថ្នាំសណ្ដំរបស់ក្រុមជនសង្ស័យ។ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់​ជនសង្ស័យយកមកចាត់ការតាមផ្លូវច្បាប់៕ដោយ៖វិចិត្រ