អន្តរជាតិ

តានតឹងកាន់តែខ្លាំងនៅថ្ងៃពុធនេះ កូរ៉េខាងជើងបាញ់មីស៊ីលជាង១០គ្រាប់

តានតឹងកាន់តែខ្លាំង ដោយកូរ៉េខាងត្បូងបានរាយការណ៍បន្ទាន់នៅព្រឹកថ្ងៃពុធនេះថា  កូរ៉េខាងជើងគីមជុងអ៊ុន បានបាញ់មីស៊ីលផ្លោងប្រហែលជាជាង ១០គ្រាប់ក្នុងដែន​ទឹកសមុទ្រខាងកើត និងខាងលិច។

យោងតាមប្រភពសារព័ត៌មាន AP បានឲ្យដឹងនៅថ្ងៃនេះថា ស្ថានការណ៍ឧបទ្វីបកូរ៉េ​រឹតតែតានតឹងខ្លាំងឡើងគួរឲ្យកត់សម្គាល់ ខណៈដែលសេចក្តីរាយការណ៍ពីភាគី​អ្នកឃ្លាំមើល​កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបង្ហាញអានុភាព​របស់ពួកគេជាថ្មីជាមួយនឹងមីស៊ីលផ្លោងជាង ១០គ្រាប់។ អគ្គសេនាធិការចម្រុះរបស់​កូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសកូរ៉េខាងជើង​បានបាញ់មីស៊ីលចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួននៃទីក្រុង Wonsan ព្រឹកថ្ងៃពុធ។ ក្នុងការឃ្លាំមើលបឋម មីស៊ីលមួយគ្រាប់បានធ្លាក់ក្នុងដែនទឹកអន្តរជាតិចម្ងាយ ២៦ គីឡូម៉ែត្រភាគខាងត្បូងនៃព្រំដែនសមុទ្រខាងកើតកូរ៉េ ខណៈមួយគ្រាប់ទៀតបានហោះ ១៦៧ គីឡូម៉ែត្រភាគខាងលិចនៃកោះ Ulleung របស់កូរ៉េខាងត្បូង។

អគ្គសេនាធិការចម្រុះរូបនេះបានបន្តថា កូរ៉េខាងត្បូងនឹងមិនអត់ធ្មត់ចំពោះការ​បង្កហេតុរបស់កូរ៉េខាងជើងទេ ហើយនឹងដោះស្រាយយ៉ាងម៉ឺងម៉ាត់ជាមួយពួកគេ​ក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក។

ភាពតានតឹងកូរ៉េនាពេលចុងក្រោយនេះ បានងើបឡើងវិញយ៉ាងលឿន ទីក្រុងព្យុងយ៉ាងបានអំពាវនាវឲ្យអាម៉េរិកនិងកូរ៉េខាងត្បូងបញ្ឈប់សមយុទ្ធ បើមិនដូច្នេះទេនឹងមានវិធានការឆ្លើយតបជាក់លាក់៕

ប្រភព៖ AP

ប្រភពរូប៖AP
ប្រែសម្រួល៖សុខ តុលា