សន្ដិសុខសង្គម

ដាក់គុក៣នាក់ខ្មែរ-វៀតណាម-ឡាវ ករណីជួញដូរគ្រឿងញៀនទម្ងន់១៦០គីឡូក្រាម

ភ្នំពេញ៖តុលាការភ្នំពេញ នៅថ្ងៃទី២ ខែវិច្ឆិកានេះ បានឃុំខ្លួនជនជាប់ចោទ៣នាក់ ខ្មែរ-វៀតណាម-ឡាវ ដាក់ពន្ធនាគារព្រៃសបណ្តោះអាសន្ន ករណីជួញដូរគ្រឿងញៀន​ទម្ងន់១៦០គីឡូក្រាម។

សមត្ថកិច្ចបានឱ្យដឹងថា បុរសជាប់ចោទឈ្មោះង្វៀនជុងហឹង អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម -ឈ្មោះប៊ុន ស៊ូកែវអាពុន អាយុ២៣ឆ្នាំជនជាតិឡាវ​ និងឈ្មោះលឹម កុយ អាយុ៥៤ឆ្នាំ​ ជនជាតិខ្មែរ ។យោងតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន មាត្រា៤០ បទរក្សាទុក-ដឹកជញ្ជូន-ផលិតនិងចរាចរណ៍ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២០ទៅ៣០ឆ្នាំ ឬអស់មួយជីវិត។

គួររំលឹកថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២កន្លងទៅ កម្លាំងជំនាញ ក៧ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែន​ពីឡាវមកកម្ពុជា។ការចាប់ខ្លួនជនសង្ស័យ៣នាក់នៅផ្លូវលេខ៥៣ ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ និងដកហូតវត្ថុតាង មេតំហ្វេតាមីនICE១៦០ដុំទម្ងន់ប្រមាណ១៦០គីឡូក្រាម ហើយបានបញ្ជូនទៅតុលាការឃុំខ្លួនតាមច្បាប់រង់ចាំបើកសវនាការពេលក្រោយ៕ដោយ៖វិចិត្រ