អន្តរជាតិ

ចិនព្រមានអាម៉េរិក ក្រោយបញ្ជូនយន្តហោះទម្លាក់គ្រាប់B52ច្រើនគ្រឿងទៅអូស្រ្តាលី

ប្រទេសចិនចេញសារព្រមានភ្លាមៗ បន្ទាប់ពីសហរដ្ឋអាម៉េរិកបានប្រកាសដាក់ពង្រាយ​យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្រ្ត B52 ច្រើនគ្រឿងទៅកាន់ប្រទេសអូស្រ្តាលី។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានថ្លែងប្រាប់      សន្និសីទកាសែតកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ថា “ប្រទេសចិនជំរុញឱ្យ​ភាគីពាក់ព័ន្ធបោះបង់ចោលគំនិតគ្មានប្រយោជន៍នៃសង្គ្រាមត្រជាក់ ហួសសម័យ និងផ្នត់គំនិតភូមិសាស្រ្តនយោបាយតូចចង្អៀត ប្រកាន់បក្ខពួក ហើយធ្វើអ្វីៗ​បន្ថែមទៀតដែលល្អសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងការជឿទុកចិត្តគ្នា​ទៅវិញទៅមកក្នុងចំណោមភាគីទាំងអស់”។ “ផែនការរបស់សហរដ្ឋអាម៉េរិក ដើម្បីបង្កើនសម្ព័ន្ធភាព សន្តិសុខរបស់ខ្លួនជាមួយទីក្រុងស៊ីដនី “នឹងបង្កើនភាពតានតឹង​ក្នុងតំបន់ បំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ”។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក លោកវរសេនីយ៍ទោ Martin Meiners បានគូសបញ្ជាក់វិញថា ផែនការរបស់សហរដ្ឋអាម៉េរិកក្នុងការបញ្ជូនយន្តហោះ​ទម្លាក់គ្រាប់បែក និងយន្តហោះជាច្រើនគ្រឿងទៅកាន់ប្រទេសអូស្ត្រាលីសម្រាប់​សមយុទ្ធរួមគ្នា គឺជាការអនុវត្តជាទូទៅនៅក្នុងសម្ព័ន្ធភាពដែលមានរយៈពេលយូរមកហើយ និងជាស្នូលនៃគោលនយោបាយការបរទេស និងសន្តិសុខរបស់សហរដ្ឋអាម៉េរិក​ខានមិនបាន។

ការសម្រេចចិត្តក្នុងការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ៦គ្រឿងទៅកាន់​ឥណ្ឌូប៉ាស៊ីហ្វិក គឺ​ធ្វើឡើងត្រឹមតែមួយសប្តាហ៍បន្ទាប់ពីសហរដ្ឋអាម៉េរិកបានចុះបញ្ជី​ប្រទេសចិន ចូលក្នុងបញ្ជីប្រទេសគំរាមកំហែងសន្តិសុខលេខ ១ របស់ខ្លួន ខ្លាំងជាងរុស្ស៊ីទៅ ទៀត៕

ប្រភព៖  FOX NEWS

ប្រភពរូប៖ FOX NEWS
ប្រែសម្រួល៖សុខ តុលា