សន្ដិសុខសង្គម

គ្រូពេទ្យកំពុងពិនិត្យសង្ឃ១៨អង្គ មានអាការក្តៅខ្លួននិងថប់ដង្ហើមខ្លាំង

បាត់ដំបង៖ព្រះសង្ឃគង់នៅវត្តខ្នាចរមាសចំនួន១៨អង្គ មានអាការក្តៅព្រះកាយ និងថប់ដង្ហើមខ្លាំង ត្រូវបានបញ្ជូនទៅសង្គ្រោះ គ្រូពេទ្យកំពុងពិនិត្យអាការជំងឺ។

ករណីព្រះសង្ឃមានអាការព្រះកាយខុសប្លែកពីសភាពធម្មតានេះ បានកើតឡើងនៅ វត្តខ្នាចរមាស ក្នុងស្រុកបវេល ខេត្តបាត់ដំបង កាលពីព្រលប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។ព្រះសង្ឃគង់នៅវត្តខាងលើមានសង្ឃដីកាថា ចាប់តាំងពីរសៀលថ្ងៃទី១ ខែវិច្ឆិកាមក សង្ឃដែលគង់ក្នុងវត្តចំនួន១៨អង្គចំណោម១៥០អង្គ ចាប់ផ្តើមមានអាការប្រហាក់ ប្រហែលគ្នា។

ជាមួយនោះអង្គនីមួយៗខ្លះកើតមានអាការថប់ដង្ហើមនិងក្តៅខ្លួនខ្លាំង រហូតដល់ទ្រាំលែង បានស្រែកយំ ទោះជាឆាន់ថ្នាំត្រជាក់បានបន្តិចក៏ក្តៅឡើងវិញ។សង្ឃដែលមានបញ្ហា សុខភាពនេះនិមន្តមកពីបណ្តាខេត្តផ្សេងៗ ដូចជាខេត្តក្រចេះ-កំពង់ចាម-កំពង់ស្ពឺ-កំពង់ធំ និងខេត្តសៀមរាប ដើម្បីគង់បន្តការសិក្សាសាលាពុទ្ធិក។

បច្ចុប្បន្នព្រះសង្ឃទាំងអស់ត្រូវបានគ្រូពេទ្យយកឈាមដើម្បីវិភាគរួចហើយ នៅថ្ងៃទី២ ខែវិច្ឆិកានេះទើបដឹងលទ្ធផល៕ដោយ: ព្រអង្គខ្មៅ