អន្តរជាតិ

ក្រោយបាញ់មីស៊ីលជាង១០គ្រាប់ កូរ៉េខាងជើងបាញ់កាំភ្លើងធំ១០០គ្រាប់ទៀត

កូរ៉េខាងត្បូងបានរាយការណ៍ជាបន្តបន្ទាប់នៅថ្ងៃពុធ ទី២នេះថា កូរ៉េខាងជើងមិនបាន​អន់ថយទេ ពួកគេបានបន្តបាញ់កាំភ្លើងធំប្រហែល១០០គ្រាប់បន្ថែមទៀតចូលតំបន់​ការពារសមុទ្រ។

យោងតាមបច្ចុប្បន្នភាពនៃទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធទី២ ខែវិច្ឆិកានេះបានឲ្យដឹងបន្ថែមថា ឧបទ្វីបកូរ៉េគឺពោរពេញដោយភាពតានតឹងខ្លាំង​គួរឲ្យព្រួយបារម្ភ។ ទីក្រុងសេអ៊ូលបានរាយការណ៍ថា កូរ៉េខាងជើងបន្ទាប់ពីបានបាញ់​មីស៊ីលជាង ១០គ្រាប់នៅព្រឹកព្រលឹមចូលទៅកាន់សមុទ្រភាគខាងលិច និងខាងកើតរួចហើយ ពួកគេក៏បានបាញ់កាំភ្លើងធំប្រហែល ១០០គ្រាប់បន្ថែម​ទៀតចូលទៅកាន់ដែនការពារអព្យាក្រឹត ហៅថា “Buffer Zone”។ សេចក្តីថ្លែងការណ៍​បានលើកឡើងដោយផ្ទាល់ថា “កូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល ១០០ ចេញពីតំបន់ Kosong នៃ Kangwon ចូលទៅក្នុង “តំបន់ការពារ” ភាគខាងជើងនៃខ្សែ​បន្ទាត់ព្រំដែនភាគខាងជើង”។

ជាការឆ្លើយតប អគ្គសេនាធិការកូរ៉េខាងត្បូងបានប្រាប់ថា ប្រតិបត្តិការឃ្លាំមើលកំពុង​ធ្វើឡើងយ៉ាងជាប់លាប់ជាទីបំផុត កូរ៉េខាងត្បូងក៏បានបាញ់មីស៊ីលព្រមានវិញផងដែរ៕

ប្រភព៖ AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា