កីឡា

Klopp ជឿថា Napoli អាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រ នៅ UCL

លោក Jurgen Klopp យល់ថា ក្រុម Napoli អាចធ្វើដំណើរទៅដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League (UCL) ជាមិនខាន ប្រសិនបើពួកគេ នៅរក្សាកម្រិតនៃទម្រង់លេង នាពេលបច្ចុប្បន្នរបស់ពួកគេ។

អ្នកចាត់ការរបស់ក្រុមហង្សក្រហម Liverpool រូបនេះ បានដឹងរួចហើយពីថាមពល ឬកម្លាំងនៃការឡើងជើង (ទម្រង់លេងកំពុងល្អ) របស់ក្រុមលោក Luciano Spalletti នារដូវកាលនេះ ដោយចាញ់ ៤-១ នៅកីឡដ្ឋាន Stadio Diego Armando Maradona ក្នុងថ្ងៃប្រកួតមួយនៃវគ្គសន្សំពិន្ទុតាមពូល នៅ UCL នេះ។

ក្រុម Napoli ឈរនៅលើគេ ក្នុងពូល A ជាមួយនឹងជ័យជម្នះទាំង ៥លើកពីការប្រកួត ៥ដង ហើយក៏កំពុងនាំមុខចំនួន ៥ពិន្ទុផងដែរ នៅក្នុងតារាងពិន្ទុរបស់ក្របខ័ណ្ឌ Serie A បន្ទាប់ពីយកឈ្នះក្រុម Sassuolo ៤-០ កាលពីថ្ងៃសៅរ៍។

ពេលត្រូវបានចោទសួរ នៅឯសន្និសីទសារព័ត៌មានមុនការប្រកួតបកមកវិញ ក្នុងកីឡដ្ឋាន Anfield នាយប់ថ្ងៃអង្គារនេះថា តើក្រុម Napoli អាចឡើងដល់វគ្គផ្តាច់ព្រ័ត្រ នៅ UCL បានដែរ ឬទេ? លោក Klopp បានឆ្លើយថា៖ «ខ្ញុំគិតថា ប្រសិនបើពួកគេអាចលេងដូចដែលពួកគេលេង នាពេលនេះ ពួកគេមានឱកាសល្អ ក្នុងការទៅដល់វគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំគិតថា Napoli គឺជាក្រុមដែលកំពុងមានទម្រង់ល្អ នៅអឺរ៉ុប ពោលគឺពួកគេពិតជាលេងបានល្អណាស់»។

ក្រុម Napoli មិនចាញ់ទាល់តែសោះ តាំងពីខែមេសាមក ហើយបានឈ្នះការប្រកួតដល់ទៅ ១៣ដងជាប់ៗគ្នា។ ចំណែកក្រុម Liverpool មានការចាប់ផ្តើមមិនសូវល្អប៉ុន្មានទេ ក្នុងរដូវកាលនេះ ដោយឈរនៅចំណាត់ថ្នាក់លេខ ៩ ក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងជ័យជម្នះត្រឹមតែ ៤ដងប៉ុណ្ណោះពីការប្រកួត ១២លើក។

តែយ៉ាងណាក្ដី ពួកគេធ្វើបានល្អ នៅអឺរ៉ុប ដោយឈ្នះបាន ៤ហ្គេម ក្នុងចំណោមការប្រកួត ៥ដង ហើយដណ្ដើមបានសិទ្ធិរួមជាមួយក្រុម Napoli ដើម្បីបានឆ្លងទៅវគ្គ ១៦ក្រុមចុងក្រោយជាមួយនឹងការនៅសល់ការប្រកួត ១លើកទៀត។ ដើម្បីបានហក់ឡើងទីនៅពីក្រុមអ៊ីតាលី ក្នុងពូលនេះ ក្រុម Liverpool នឹងត្រូវការជ័យជម្នះ ក្នុងលទ្ធផលយ៉ាងហោចណាស់ ៤គ្រាប់ឡើងទៅ៕