កីឡា

De Bruyne ទទួលស្គាល់ថា World Cup 2022 អាចជាលើកចុងក្រោយ

ខ្សែបម្រើ Kevin De Bruyne របស់ក្រុមមេឃឃៀវ Manchester City បានទទួលស្គាល់ថា ព្រឹត្តិការណ៍ World Cup នាពេលខាងមុខដ៏ខ្លីនេះ អាចជាការចូលរួមចុងក្រោយរបស់ខ្លួន នៅក្នុងការប្រកួតប្រជែងដ៏ធំរបស់ពិភពលោកនេះ។

ក្នុងវ័យ ៣១ឆ្នាំ នាពេលនេះ De Bruyne នៅតែជាម្នាក់ ក្នុងចំណោមកីឡាករមានទេពកោសល្យរបស់ពិភពលោក ហើយជាផ្នែកមួយនៃក្រុមជម្រើសជាតិបែលហ្ស៊ិក ដែលត្រូវបានចាត់ទុកថា ជាក្រុមមានសិទ្ធិខ្ពស់ ក្នុងការឈ្នះពានរង្វាន់ World Cup លើកនេះ។ រូបគេគឺជាចំណេកមួយនៃក្រុម ដែលបានឡើងដល់វគ្គ ១/៤ផ្តាច់ព្រ័ត្រ ក្នុងឆ្នាំ២០១៤ មុនពេលបានបញ្ចប់នៅលេខ៣ នៅ ៤ឆ្នាំក្រោយមក។

ដោយចៀសមិនផុតពីពេលវ័យកាន់តែចាស់នោះ កីឡាករ De Bruyne បានសារភាពថា រូបគេចង់ទាញយកអត្ថប្រយោជន៍ពីព្រឹត្តិការណ៍ខាងមុខនេះ ដោយសាររូបគេមិនប្រាកដទេថា នឹងមានឱកាសជាថ្មីម្ដងទៀត ដើម្បីបានប្រកួតប្រជែងលើកពាន World Cup នេះ ឬអត់។

រូបគេបានចាប់ផ្ដើមនិយាយថា៖ «គ្រួសាររបស់ខ្ញុំកំពុងពេញចិត្តពេញថ្លើមនឹងការប្រកួត ក្នុងវគ្គសន្សំពិន្ទុតាមពូល។ ច្បាស់ណាស់ ខ្ញុំមានអាយុ ៣១ឆ្នាំហើយ ហើយខ្ញុំមិនដឹងថា នឹងមានអ្វីកើតឡើង ក្នុងរយៈពេល ៤ឆ្នាំទៀត។ នេះជាលើកទី ១ ហើយ ដែលកូនរបស់ខ្ញុំ អាចទៅមើលព្រឹត្តិការណ៍ World Cup»។

«នោះហើយជាមូលហេតុ ដែលពួកគេធ្វើដំណើរទៅ។ វានឹងពិសេសជាមិនខាន ពោលគឺជាព្រឹត្តិការណ៍ ដែលខ្ញុំមិនចង់ឱ្យពួកគេខកខាន។ ពួកគេមានអាយុ ៦ឆ្នាំ ៤ឆ្នាំ និង ២ឆ្នាំ។ កូនច្បង២នាក់ រាងចូលចិត្តកីឡាបាល់ទាត់បន្តិច តែកូនស្រីមិនប្រាកដទេ តែនាងអាចទៅ ហើយរីករាយជាមួយនឹងពន្លឺព្រះអាទិត្យ និងលេងក្នុងអាងហែលទឹកបាន»។

«ខ្ញុំរំភើបណាស់។ វានឹងជាលើកទី ៣ ហើយវាតែងតែពិសេសជានិច្ច។ ព្រឹត្តិការណ៍ទាំងនេះ គឺពិសេសអស្ចារ្យណាស់ ខណៈអ្នករាល់គ្នាកំពុងមើលវា។ វាធំណាស់ ប៉ុន្តែវាគ្មានអ្វី ដែលត្រូវតានតឹងអំពីវាទេ។ នេះជាលើកទី៣ របស់ខ្ញុំ ខ្ញុំដឹងពីអ្វី ដែលនឹងកើតមាន ហើយខ្ញុំមិនអាចនិយាយជំនួសអ្នកដទៃផ្សេងទៀត ដែលនឹងនៅទីនោះជាលើកដំបូងបានដែរ»។ កីឡាករ De Bruyne បាននិយាយបន្ថែម។

កីឡាករ De Bruyne និងក្រុមបែលហ្ស៊ិករបស់គេ នឹងចាប់ផ្ដើមយុទ្ធនាការ នៅ World Cup 2022 ដោយការប្រឈមជាមួយក្រុមកាណាដា ហើយបន្ទាប់មកជួបក្រុមម៉ារ៉ុក និងក្រូអាស៊ី តាមលំដាប់លំដោយ សម្រាប់ជំនួប ក្នុងពូល F របស់ពួកគេ៕