អន្តរជាតិ

អាជ្ញាធរក្រុងកៀវ៖៤០ភាគរយនៃអ្នកស្រុក គ្មានទឹកប្រើប្រាស់ទេឥឡូវនេះ

អភិបាលទីក្រុងកៀវអ៊ុយក្រែន បានជូនដំណឹងមកថា ៤០ភាគរយនៃអ្នកស្រុកក្នុងទីក្រុង គឺគ្មានទឹកប្រើប្រាស់ទេ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធថាមពលត្រូវរុស្ស៊ីវាយប្រហារបំផ្លាញ យ៉ាងដំណំ។

យោងតាមការដកស្រង់ដោយអាល់ចាហ្សេរ៉ា លោក Vitaliy Klitschko អភិបាលរដ្ឋធានីកៀវ បាននិយាយថា គិតត្រឹមថ្ងៃចន្ទ ផ្ទះល្វែងចំនួន ២៧០.០០០ខ្នងនៅតែគ្មានអគ្គិសនី​ប្រើប្រាស់ ហើយ ៤០ ភាគរយនៃអ្នកស្រុកក៏នៅតែគ្មានទឹកប្រើប្រាស់ ខណៈដែលអាជ្ញាធរបានប្រកាស ការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសដើម្បីជួយសន្សំសំចៃថាមពល និងធ្វើការជួសជុល បណ្តាញ។ Klitschko បាននិយាយថា អ្នកឯកទេសមកពីក្រុមហ៊ុនផ្គត់ផ្គង់ទឹក Kyivvodokanal “កំពុងធ្វើការយ៉ាងដុតដៃដុតជើង​ដើម្បីធ្វើឱ្យមានស្ថិរភាពប្រតិបត្តិការ នៃស្ថានីយទឹកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។ ដូច្នេះការដាច់ភ្លើង ត្រូវបានគេ រំពឹងថានឹងបន្តកើតមានទៅមុខទៀត។

គួរបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន បានរងការវាយប្រហារជាច្រើនដង ចាប់តាំងពីយន្តហោះគ្មានមនុស្សបើកនិងគ្រាប់កាំជ្រួចរុស្ស៊ី។ ការវាយប្រហារចុងក្រោយ បានលាន់ឮយ៉ាងខ្លាំងនៅក្នុងទីក្រុងកៀវកាលពីព្រឹកថ្ងៃចន្ទសប្តាហ៍នេះ។ រុស្ស៊ីមិនបាន ចេញមុខទទួលស្គាល់ទេ ប៉ុន្តែសាក្សីនិយាយថា គ្រប់ការវាយប្រហារទាំងអស់គឺជាការ សងសឹករបស់លោកពូទីន៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា