អន្តរជាតិ

លេចធ្លាយរបាយការណ៍បៃដិនដំឡើងសំឡេងដាក់ហ្សេឡិនស្គីពេលសុំជំនួយអាវុធ

លេចធ្លាយរបាយការណ៍ប្រធានាធិបតីចូបៃដិន ដំឡើងសំឡេងរាងធ្ងន់ដាក់ហ្សេឡិនស្​គីអ៊ុយក្រែន​តាមការហៅទូរសព្ទកាលពីខែមិថុនា ទាក់ទងរឿងសុំជំនួយយោធាបន្ថែម។

យោងតាមសារព័ត៌មាន NBC ចុះផ្សាយនៅថ្ងៃចន្ទសប្តាហ៍នេះបានឲ្យដឹងពី​បុគ្គលចំនួន​បួន​នាក់​បានប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការហៅទូរសព្ទរវាងប្រធានាធិបតី​អាម៉េរិកចូបៃដិន និងអ៊ុយក្រែនហ្សេឡិនស្គី កាលពីខែមិថុនាកន្លងទៅ ហាក់មានភាព​ខុសប្លែកនឹងរាល់ដង ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។ ប្រភពទាំងនេះបានបន្តថា លោកបៃដិន ហាក់ដូចជាបានដំឡើងសំឡេងរាងឮ និងធ្ងន់បន្តិចដាក់ហ្សេឡិនស្គី បន្ទាប់ពីហ្សេឡិនស្គីបាននិយាយស្នើដដែលៗ​អំពីតម្រូវការដទៃទៀតរបស់ខ្លួន។ បៃដិនបានពោលយ៉ាងដូច្នេះថា “ប្រជាជនអាម៉េរិកមានចិត្តសប្បុរសណាស់ ហើយរដ្ឋបាលរបស់លោក និងយោធាអាម៉េរិកទាំងអស់សុទ្ធតែកំពុងធ្វើការយ៉ាងខ្លាំង​ដើម្បីជួយដល់អ៊ុយក្រែនហើយ”។ លោកបន្តថា “ទីក្រុងកៀវគួរតែដឹងគុណសម្រាប់ជំនួយ​បន្ថែមទៀត” ខណៈដែលរដ្ឋបាលទើបតែបានផ្តល់ជូនជំនួយចំនួន ១ ពាន់លានដុល្លារក្នុង​ជំនួយ​យោធាសម្រាប់អ៊ុយក្រែន។

យ៉ាងណាក៏ដោយ ទីក្រុងកៀវក្រោយមកត្រូវបានគេដឹងថា ព្យាយាមយ៉ាងខ្លាំងដើម្បី​លុបបំបាត់ភាពតានតឹងនេះ។ ហ្សេឡិនស្គី បានចេញសារថ្លែងអំណរគុណច្រើនដងជា​សាធារណៈទៅកាន់អាម៉េរិកសម្រាប់ជំនួយដ៏លើសលប់រហូតដល់បៃដិនត្រជាក់ចិត្ត  ខណៈដែលមន្រ្តីទីប្រឹក្សាអ៊ុយក្រែនបានគូសបញ្ជាក់ថា ភាពរកាំរកូសជាមួយបៃដិន នឹងមិនហុចផលល្អឡើយ៕

ប្រភព៖  NBC NEWS

ប្រភពរូប៖NBC NEWS
ប្រែសម្រួល៖សុខ តុលា