អន្តរជាតិ

រុស្ស៊ីកំពុងកៀរគរកុម្មង់ដូអាហ្វហ្គានីស្ថាន បង្វឹកដោយអាម៉េរិកទៅច្បាំងនៅអ៊ុយក្រែន

មន្រ្តីអាហ្វហ្គានីស្ថានបានប្រាប់នៅសប្តាហ៍នេះថា រុស្ស៊ីមានបំណងចង់កៀរគរកុម្មង់ដូ​អាហ្វហ្គានីស្ថាន​ដែលធ្លាប់បង្វឹកដោយសហរដ្ឋអាម៉េរិកនៅបរទេស ដើម្បីទៅជួយ​ប្រយុទ្ធនៅអ៊ុយក្រែន។

យោងតាមអតីតឧត្តមសេនីយ៍អាហ្វហ្គានីស្ថានបីនាក់បានប្រាប់ទៅកាន់បណ្តាញសារព័ត៌មាន AP កាលពីថ្មីៗនេះថា រដ្ឋាភិបាលរុស្ស៊ីបានផ្តល់ដំណឹងចង់ទាក់ទាញយកទ័ព​អាហ្វហ្គានីស្ថាន​រាប់ពាន់នាក់ចូលទៅក្នុង“កងពលបរទេស” ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន ដោយផ្តល់ប្រាក់បៀវត្សរ៍ចំនួន ១៥០០ ដុល្លារក្នុងមួយខែ ហើយសន្យាថានឹងផ្តល់ជម្រក​សុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់ពួកគេគេចចេញពីតាលីបង់។ឧត្តម  សេនីយ៍​ម្នាក់គឺលោក Abdul Raof Arghandiwal បាននិយាយថា “កុម្មង់ដូទាំងនោះមិនចង់ទៅ​ប្រយុទ្ធទេ ប៉ុន្តែពួកគេគ្មានជម្រើស” “កងកុម្ម៉ង់ដូរាប់សិបនាក់ ឬច្រើននាក់ផ្សេងទៀតនៅ​អ៊ីរ៉ង់ សុទ្ធតែបានបង្ហើបសារឲ្យដឹងថា ពួកគេភ័យខ្លាចនឹងការនិរទេសទៅឲ្យពួកតាលីបង់។ កុម្មង់ដូជាច្រើនបាននាំគ្នាសួររកដំណោះស្រាយ ថាតើគួរធ្វើយ៉ាងណា ប្រសិនបើពួកគេត្រូវនិរទេសទៅអាហ្វហ្គានីស្ថានវិញ ពួកតាលីបង់នឹងសម្លាប់ពួកគេ។

ទាក់ទិនដំណឹងដ៏រសើបនេះ ក្រសួងការពារជាតិរុស្ស៊ីមិនបានឆ្លើយតបនឹងសំណើ​សុំការ​អត្ថាធិប្បាយពីអ្នកកាសែតអន្តរជាតិទេ។ មហាសេដ្ឋីរុស្ស៊ីជំនិតពូទីន លោក Yevgeny Prigozhin ដែលថ្មីៗនេះបានតែងតាំងជាអ្នកទទួលបន្ទុកទ័ពស៊ីឈ្នួល បានច្រានចោល​ចំពោះគំនិតនៃកិច្ចខិតខំប្រឹងប្រែងជ្រើសរើសអតីតទាហានអាហ្វហ្គានីស្ថាននេះថាជា “រឿងមិនសមហេតុសមផលឆ្កួតលីលា”៕

ប្រភព៖  AP

ប្រភពរូប៖AP
ប្រែសម្រួល៖សុខ តុលា