អន្តរជាតិ

ម៉ុលដាវីដកអ្នកតំណាងស្ថានទូតរុស្ស៊ី ក្រោយមីស៊ីលធ្លាក់លើទឹកដីខ្លួន

រដ្ឋាភិបាលប្រទេសម៉ុលដាវី កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសដកអ្នកតំណាង ស្ថានទូតរុស្ស៊ីចេញ បន្ទាប់ពីមីស៊ីលរុស្ស៊ីបានជ្រុលធ្លាក់ចូលទឹកដីរបស់ខ្លួន។

យោងតាមក្រសួង​ការ​បរទេស​ប្រទេសម៉ុលដាវីបានឲ្យដឹង​ថា ម៉ុលដាវីសម្រេចដកអ្នក តំណាងស្ថានទូតរុស្ស៊ីប្រចាំទីក្រុង Chisinau ក្រោមពិធីការទូត បុគ្គលមិនស្វាគមន៍ ឬហៅថា persona non grata។ ព័ត៌មានបន្ថែមក្រសួងមិនបានកំណត់អត្តសញ្ញាណរបស់បុគ្គលនោះទេ ប៉ុន្តែក្នុងសេចក្តីថ្លែង ការណ៍បានលើកឡើងពីកង្វល់សន្តិសុខរដ្ឋ គំរាមកំហែងដល់ពលរដ្ឋ ក្រោយមានការវាយ ប្រហារដោយមីស៊ីលរុស្ស៊ីជ្រុលធ្លាក់លើដីម៉ុលដាវីនៅជាប់អ៊ុយក្រែន។

ក្រសួង​មហាផ្ទៃ​ប្រទេស​ម៉ុលដូវីបាន​លម្អិតរបាយការណ៍ថា កម្ទេចកម្ទី​កាំជ្រួចរុស្ស៊ីពិតជា​បាន​ធ្លាក់​នៅ​ភូមិ​ភាគ​ខាងជើង​នៃ​ប្រទេស​ម៉ុលដាវីមែន បន្ទាប់​ពីបានវាយប្រហារ​លើ​អ៊ុយក្រែននៅថ្ងៃចន្ទ។ ជុំវិញព័ត៌មាននេះ រុស្ស៊ីមិនទាន់ផ្តល់ការឆ្លើយតបនោះទេ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា