កីឡា

ភ្នាក់​ងារអះអាងថា Pogba នឹង​អវត្តមាន នៅ World Cup

ភ្នាក់ងាររបស់ខ្សែបម្រើ Paul Pogba បានបញ្ជាក់ថា កីឡាករសញ្ជាតិបារាំងរូប​នេះ នឹងមិនជាសះស្បើយពីរបួសចុងក្រោយបង្អស់របស់​ខ្លួន ទាន់​ពេលវេលា សម្រាប់ព្រឹត្តិការណ៍ World Cup 2022 នា​ចុង​ខែ​នេះ នៅ​ប្រទេសកាតានោះ​ទេ។

កីឡាករ​របស់​ក្រុម​សេះបង្កង់ Juventus បានរងរបួសជង្គង់ កាលពីដើមរដូវក្តៅនេះ ហើយមិនទាន់បាន​បង្ហាញខ្លួនជាលើកទី ២ សម្រាប់ក្លិបថ្មីរបស់ខ្លួននៅឡើយទេ។ គេរំពឹងថា រូប​គេ​នឹងត្រឡប់​មកវិញ ក្នុងពេលឆាប់ៗនេះ ប៉ុន្តែរបួសភ្លៅ ដែលបាន​មាន​ក្នុងពេលហ្វឹកហាត់ បានពន្យារពេលការវិលមក​មាន​កាន់​ទីលាន​របស់គេ​ម្តងទៀត។

ឥឡូវនេះ ដោយបាន​និយាយទៅកាន់អង្គភាព​ព័ត៌មាន Telefoot ភ្នាក់ងារ គឺ​លោកស្រី Rafaela Pimenta បានបញ្ជាក់ថា កីឡាករ Pogba នឹងមិនអាច​វិល​ត្រឡប់មកឱ្យ​ទាន់ពេល សម្រាប់ World Cup ទេ។

លោក​ស្រី​បានប្រាប់​ថា៖ «Paul ចង់វិល​ត្រឡប់មកវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែគាត់ត្រូវតែអត់ធ្មត់ ប្រឹងប្រែងយ៉ាង​ខ្លាំង ក្នុងគ្រាដ៏លំបាកទាំងនេះ ហើយប្រឹងធ្វើ​គ្រប់​យ៉ាង​ឱ្យ​អស់ពីលទ្ធភាព ដើម្បីបាន​វិល​មកទីលានវិញ សម្រាប់អ្នកគាំទ្រ និងក្រុមរបស់គេឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

លោកស្រី Pimenta បានអះអាងទៀត​ថា កីឡាករ Pogba នឹងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបាន​ជាសះស្បើយពីរបួសភ្លៅ ដែលត្រូវបានគេរំពឹងថា នឹងនាំឱ្យកីឡាករវ័យ ២៩ឆ្នាំ​រូប​នេះ អវត្តមានរយៈពេល ៣សប្តាហ៍បន្ថែមទៀត៕