អន្តរជាតិ

ពូទីន៖ រុស្ស៊ីមិនបានបញ្ចប់កិច្ចព្រមព្រៀងធញ្ញជាតិអ៊ុយក្រែនទេ គ្រាន់តែផ្អាកបណ្តោះអាសន្ន

បន្ទាប់ពីមានការរិះគន់ជាច្រើនជុំវិញការឈានទៅប្រឈមនឹងវិបត្តិស្បៀងអាហារពិភព លោក ប្រធានាធិបតីរុស្ស៊ីពូទីន បានបកស្រាយថា ខ្លួនមិនបានបញ្ចប់កិច្ចព្រមព្រៀង ធញ្ញជាតិអ៊ុយក្រែនទេ គ្រាន់តែផ្អាកបណ្តោះអាសន្នប៉ុណ្ណោះ។

លោកវ្ល៉ា ឌឹមៀរពូទីន បានបញ្ជាក់ឡើងវិញដូច្នេះកាលពីថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ តាមរយៈសន្និសីទសារព័ត៌មានលើកញ្ចក់ទូរទស្សន៍។ លោកបានជម្រាបប្រាប់លម្អិតថា “យើងមិនបាននិយាយថាកំពុងបញ្ឈប់ការចូលរួមរបស់យើងនៅក្នុងប្រតិបត្តិការនេះទេ។ យើងកំពុងផ្អាកវាទេតើ” ។ ដោយផ្តល់ហេតុផលថា នេះគឺដោយសារតែមានការកើនឡើង នៃយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចរាចរលើសមុទ្រខ្មៅ ជាច្រករបៀងដែល នាវាផ្ទុកគ្រាប់ធញ្ញជាតិនិងកប៉ាល់ស៊ីវិលឆ្លងកាត់។ “ដូច្នេះហើយ វាត្រូវតែទទួលបានការ ធានាសុវត្ថិភាពសម្រាប់កប៉ាល់ទាំងអស់”។

យ៉ាងណាមិញ ទាក់ទងនឹងការវាយប្រហារនាវាចរសមុទ្រខ្មៅ ទីក្រុងកៀវមិនបានចេញមុខ ទទួលខុសត្រូវឡើយ។ ភាគីផ្សេងៗទៀតដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង បានអំពាវនាវឲ្យ រុស្ស៊ីចូលខ្លួនឲ្យបានឆាប់ឡើងវិញ ដើម្បីជៀសវាងមហន្តរាយស្បៀងអាហារសកលលោក។ ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths បានបញ្ជាក់ដែរថា ពិតណាស់ រុស្ស៊ីមិនបានដកខ្លួនទេ ពួកគេគ្រាន់តែផ្អាកប៉ុណ្ណោះ។ លោកបន្តជំរុញឲ្យ គ្រប់ភាគីគោរពតាមសន្យា មិនវាយប្រហារកប៉ាល់ដឹកទំនិញ ឬកំពង់ផែ៕

ប្រភព៖  REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា