សន្ដិសុខសង្គម

បញ្ជួនសំណាកស្រាសនិងថ្នាំកម្ចាត់សត្វល្អិតបង្កឱ្យស្លាប់កម្មករចម្ការចេកបីនាក់ទៅវិភាគ

កំពង់ចាម៖ មន្រ្តីសុខាភិបាល និងមន្រ្តីកសិកម្ម ខេត្តកំពង់ចាមបានបញ្ជូនសំណាក់ជាស្រាស និងថ្នាំកម្ចាត់សត្វល្អិត ដែលសង្ស័យថាបានធ្វើឱ្យពុលកម្មកចម្ការចេក ក្រុមហ៊ុនឡុង ស្រេង ស្រុកស្ទឹងត្រង់ប្រមាណជិត ៧០ នាក់ រហូតដល់ស្លាប់ចំនួន បី នាក់ទៅវិភាគរកមូលហេតុ នៅថ្ងៃទី ១ វិច្ឆិកានេះ។

ហេតុការណ៍ពុលដូចខាងលើបានកើតឡើងក្នុងផ្ទះស្វែងជាកសិដ្ឋាន ដែលខាងក្រុមហ៊ុនឡុង ស្រេង សង់សម្រាប់កម្មករចំនួន ២២០ នាក់ស្នាក់នៅក្នុងចម្ការចេកមួយកន្លែង ស្ថិតក្នុងភូមិ ៣៥ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បានកើតឡើងកាលពីសប្តាហ៍មុន ហើយមកដល់ថ្ងៃទី ១ វិច្ឆិកានេះមានបុរសជាកម្មករចម្ការចេកនេះចំនួន បី នាក់បានស្លាប់, ជាច្រើននាក់ផ្សេងទៀតកំពុងព្យាបាល និងបានជាសះស្បើយ។

លោកវេជ្ជបណ្ឌិត យឹម ណាវី ជាប្រធានការិយាល័យសុខាភិបាលស្រុកស្ទឺងត្រង់បានឱ្យដឹងថាៈ ជនរងគ្រោះទាំងបីឈ្មោះ ១. ឡ លន់ អាយុ ៥៤ ឆ្នាំ បានស្លាប់នៅតាមផ្លូវពេលបញ្ជួនពីមន្ទីរពេទ្យបង្អែកស្រុកនេះទៅកាន់មន្ទីរពេទ្យខេត្តកំពង់ចាម កាលពីថ្ងៃទី ២៥ តុលា នៃការពុលដំបូង, ទី២. មិល ប៉ុ អាយុ ៤៥ ឆ្នាំ បានស្លាប់ នៅថ្ងៃទី ២៦ តុលា និងទី ៣. ស៊ុ សុខហ៊ីម អាយុ ៤៦ ឆ្នាំ បានស្លាប់នៅថ្ងៃទី ៣១ តុលា គឺពួកបានស្លាប់នៅតាមផ្លូវពេលបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តដូចគ្នា។

លោកប្រធានការិយាល័យសុខាភិបាលស្រុកស្ទឹងត្រង់បានឱ្យដឹងទៀតថាៈ គិតមកដល់ថ្ងៃទី ១ វិច្ឆិកានេះទាំងអ្នកស្លាប់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ ព្រមទាំងអ្នកជាសះស្បើយចំនួនសរុប ៦៩ នាក់។ ដោយពួកគាត់ជាជនរងគ្រោះទាំងអស់មានអាការៈប្រហាក់ប្រហែលគ្នា គឺវិលមុខ អស់កម្លាំង ពិបាកដកដង្ហើម ឈឺ ណែនទ្រូង ឈឺក និងស្រវាំងភ្នែក។

លោកបានបន្តថាៈ ជុំវិញករណីនេះខាងក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្តកំពង់ចាម និងការិយាសុខាភិបាលស្រុកនេះបានសហការចុះស៊ើបអង្កេតស្រាវជ្រាវដល់កសិដ្ឋាន កន្លែងជនរងគ្រោះរស់នៅ និងធ្វើការបានសម្រេចដាក់ការសង្ស័យបញ្ហាប្រឈមចំនួន បី គឺ ស្រាស ស្ថានភាពជីវភាពអាហារូបឋមរបស់គាត់ និងថ្នាំសម្លាប់សត្វល្អិត។

លោកបានបន្ថែមថាៈ នៅព្រឹកថ្ងៃទី ១ វិច្ឆិកានេះយើងបានបញ្ជួនសំណាកស្រាសដែលខាងកម្មករបានផឹកមុនពុល មានជាតិមេតាណុល ៩ ភាគរយ ទៅវិភាគ ហើយខាងថ្នាំកម្ចាត់សត្វល្អិត ខាងកសិកម្មជាអ្នកវិភាគ គឺរង់ចាំលទ្ធផលវិភាគទាំងពីរចេញមកទើបគណៈកម្មការធ្វើការសន្និដ្ឋាន និងវាយតម្លៃបាន ថាបណ្តាលមកពីស្រាស ឬថ្នាំកម្ចាត់សត្វល្អិត។

បុរសវ័យ ៤១ ឆ្នាំឈ្មោះ ប៊ុន វីន ដែលកំពុងមកកំដរប្រពន្ធ និងកូនប្រុសអាយុជាង ១០ ឆ្នាំ ក្នុងមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ដោយសារពុលដែរបាន ប្រាប់ថាៈ គ្រួសារលោកបានពុលទាំងបី នាក់ ប្រពន្ធ កូនប្រុស កំពុងដេកព្យាបាល ហើយថ្ងៃនេះពួកគេបានធូរស្បើយ អាចងើបញ៉ាំអាហារបានហើយ។

អ្នកមានទីលំនៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់បានបន្តថាៈ ចំណែករូបលោកបានពុលមុនគេ ក្នុងគ្រួសារតាំងពីល្ងាចថ្ងៃទី ២៧ តុលា គឺចាប់ដំបូងណែនដើមទ្រូង ថប់ដង្ហើម និងស្រវាំងភ្នែក ហើយខាងក្រុមហ៊ុនបានបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម បានចំនួន ពីរ ថ្ងៃបានធូរស្បើយចេញមកកំដរប្រពន្ធ និងកូន នៅមន្ទីរពេទ្យស្រុកស្ទឹងត្រង់នេះ៕