សន្ដិសុខសង្គម

ក្មេងតូចរអិលជើងធ្លាក់ចូលទឹកស្រះក្នុងបរិវេណវត្តបណ្តាលឱ្យលង់ស្លាប់

បាត់ដំបង៖ក្មេងប្រុសតូចម្នាក់ដើរលេងនៅបរិវេណវត្តពោធិ៍វាល រអិលជើងធ្លាក់ចូលក្នុង​ទឹកស្រះ​បណ្តាលឱ្យលង់ស្លាប់ ដោយព្រះសង្ឃនិងពុទ្ធបរិស័ទនៅជិតទីនោះជួយមិនទាន់។

មន្ត្រីនគរបាលបានឱ្យដឹងថា កុមារាឈ្មោះសឺន មុន្នីសុខសម្បត្តិ អាយុ៨ឆ្នាំ នៅឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្លាក់ទឹកស្រះស្លាប់ក្នុងបរិវេណវត្តពោធិ៍វាល ភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង កាលពីល្ងាចថ្ងៃទី៣១ ខែតុលា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងក្មេងរងគ្រោះបានមកលេងនៅមុខកុដិព្រះសង្ឃ និងក្បែរស្រះ ហើយរអិលធ្លាក់ទឹកក៏លង់ទឹក។ខណៈនោះមានព្រះសង្ឃ ពុទ្ធបរិស័ទលោតចុះ​ទៅជួយស្រង់យកឡើងគោក តែក្មេងនោះបានស្លាប់បាត់ទៅហើយ។បន្ទាប់ពីពិនិត្យរួចនគរបាលបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យ៕ដោយ៖វិចិត្រ