សន្ដិសុខសង្គម

កំពុងស្រាវជ្រាវចាប់ឃាតកចាក់សម្លាប់ជាង កាត់កញ្ចក់ម្នាក់នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖បុរសជាជាងកាត់កញ្ចក់ម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញស្លាប់លើផ្លូវម្តុំស្តង់តាងួន ក្នុងភូមិបាលិលេយ្យ២ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី៣១ ខែតុលា។

សមត្ថកិច្ចបានឱ្យដឹងថា សពឈ្មោះ វី ឆវ័ន្ត អាយុ៣៣ឆ្នាំ ទីកំណើតភូមិទួលទទឹង២ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ប្រពន្ធឈ្មោះ នៅ សាខា អាយុ ៣៥ឆ្នាំ។បច្ចុប្បន្ន២នាក់ប្ដីប្រពន្ធមកស្នាក់នៅបន្ទប់ជួលក្នុងភូមិ សង្កាត់ខាងលើ។

ប្រពន្ធសពបានឱ្យដឹងថា មុនកើតហេតុ ប្តីនាងបានចេញទៅក្រៅជាមួយមិត្តភក្តិមានការងារ នៅកាស៊ីណូ។ក្រោយប្តីចេញពីផ្ទះ ដល់ម៉ោង១២យប់ ស្រាប់តែឮទូរសព្ទមានគេសួរថា ស្គាល់ឈ្មោះវី ឆវ័ន្តទេ ? នាងតបវិញគឺជាប្តីរបស់ខ្ញុំ។ជននោះបានប្រាប់ថា ឥឡូវប្តីនាងបានស្លាប់ហើយនៅម្តុំផ្លូវស្តង់តាងួន មានឈាមហូរស្រោចខ្លួន ។

សមត្ថកិច្ចបានចុះពិនិត្យសពឃើញមានស្នាមចាក់នឹងដែកចុងស្រួចចំត្រង់ក្រោមក្លៀកខាងឆ្វេង។ក្នុងនោះមានកាបូបលុយ១ មានវិក្កយបត្រសម្ភារគ្រឿងកញ្ចក់ លុយក្នុងហោប៉ៅជិត២០ម៉ឺនរៀល។ករណីនេះផ្នែកជំនាញបានសន្និដ្ឋានថាអាចជារឿងគំនុំ។

ក្រោយធ្វើកោសល្យវិច័យរួច ក៏បានប្រគល់សពឱ្យក្រុមគ្រួសារយកធ្វើបុណ្យនៅវត្ត បាលិលេយ្យ ក្រុងប៉ោយប៉ែត។ដោយឡែកជនសង្ស័យ សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់យកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖វិចិត្រ