អន្តរជាតិ

កូរ៉េខាងជើងព្រមានចាត់ការបើអាម៉េរិកមិនបញ្ឈប់សមយុទ្ធជាមួយកូរ៉េខាងត្បូង

ចំណែកកូរ៉ខាងជើងវិញកាន់តែខ្លាំងជាងមុន ដោយបានព្រមានចាត់ការធ្ងន់ធ្ងរខានមិនបាន បើអាម៉េរិកមិនព្រមបញ្ឈប់សមយុទ្ធបង្កហេតុជាមួយកូរ៉េខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ KCNA បានចុះផ្សាយនូវសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល ទីក្រុងព្យុងយ៉ាងនៅថ្ងៃអង្គារទី១ ខែវិច្ឆិកានេះថា “កូរ៉េខាងជើងបានត្រៀមខ្លួនជាស្រេចដើម្បី ចាត់វិធានការចាំបាច់ទាំងអស់សម្រាប់ការពារអធិបតេយ្យភាព សន្តិសុខរបស់ប្រជាជន និងបូរណភាពទឹកដីរបស់ខ្លួនពីការគំរាមកំហែងកម្លាំងខាងក្រៅ”។ ដោយបានលើកឡើង បន្ថែមទៀតថា “ស្ថានការណ៍នៅឧបទ្វីបកូរ៉េ និងតំបន់ជុំវិញបានឈានចូលដល់ដំណាក់ កាល ប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរផ្នែកអំណាចម្តងទៀត ដោយសារតែចលនា យោធាមិនឈប់ឈរ និងមិនប្រុងប្រយ័ត្នរបស់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង”។

ជាការអំពាវនាវ “ប្រសិនបើសហរដ្ឋអាម៉េរិកនៅតែបន្តការបង្កហេតុខាងយោធាយ៉ាងធ្ងន់ធ្ងរ កូរ៉េខាងជើងនឹងគិតគូរពីវិធានការតាមដានដ៏មានឥទ្ធិពលបន្ថែមទៀត”។

យោងតាមប្រភពរ៉យទ័រ កងទ័ពអាកាសអាម៉េរិកបាននិយាយថា ប្រតិបត្តិការ Vigilant Storm នឹងដំណើរការរហូតដល់ថ្ងៃសុក្រជាមួយយន្តហោះចម្បាំងប្រហែល ២៤០គ្រឿង។  សហរដ្ឋ  អាម៉េរិកនិងកូរ៉ខាងត្បូងធ្វើសមយុទ្ធនេះឡើង ព្រោះជឿថាកូរ៉េខាងជើង នឹងធ្វើតេស្តសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ៕

ប្រភព៖  REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា