កីឡា

Barca បញ្ជាក់ពីរបួសភ្លៅរបស់ Kounde និងបញ្ហាត្រគាករបស់ Garcia

ក្លិប Barcelona បាន​បញ្ជាក់​ថា កីឡាករ Jules Kounde និង Eric Garcia មាន​បញ្ហា​ភ្លៅ និង​ត្រគាក​រៀង​ៗខ្លួន ​ក្នុង​ការ​ប្រកួតនៅ​ក្របខ័ណ្ឌ La Liga ដែល​ក្រុម​អ្នក​មាន​បុណ្យ មាន​ជ័យ​ជម្នះ ១-០ លើក្រុមម្ចាស់​ផ្ទះ Valencia កាល​ពី​ថ្ងៃអាទិត្យ។

ខ្សែ​ការពារ​កណ្តាល​ទាំង​ ២នាក់​ មិន​អាចលេង​ពេញ​ម៉ោង​បាន​ទេ ក្នុង​ការ​ប្រកួត​នេះ ដោយកីឡាករ Garcia បាន​ដូរ​ចេញ​​នៅ​នាទី​ទី៤២ ហើយ​កីឡាករ Kounde ​នាទីទី៧៤។

កីឡាករ Kounde ដែលត្រូវ​បាន​ទិញ​ពីក្លិប Sevilla ក្នុង​តម្លៃ​ដ៏​ថ្លៃ​នោះ បានចាប់ផ្តើមអាជីព ជាមួយ​ក្រុម Barca ទាំង​ទ្រេត​ទ្រោត ដោយរូប​គេ​ទើបតែបាន​វិល​មកកាន់​ទីលានវិញ កាលពីថ្ងៃទី​១៦ ខែតុលា ក្រោយ​ជា​ពី​របួសសរសៃពួរ ដែលបាន​កើត​មានពេល​បំពេញកាតព្វកិច្ចអន្តរជាតិជាមួយក្រុម​ជម្រើសជាតិបារាំង ក្នុងខែកញ្ញា។

ក្លិប Barca បានប្រកាសឱ្យ​ដឹងកាល​កាលពីថ្ងៃអាទិត្យថា កីឡាករ Kounde មានបញ្ហារបួសភ្លៅខាងឆ្វេង ខណៈដែលខ្សែការពារអេស្ប៉ាញ Garcia ដែលនឹង​សង្ឃឹមថា មាន​រាង​កាយ​រឹង​ប៉ឹងវិញនៅមុនព្រឹត្តិការណ៍ World Cup នោះ មាន​បញ្ហាត្រគាកខាងឆ្វេងរបស់គេ។

មិន​មាន​ការកំណត់ពេលវេលាណាមួយ ដែល​ត្រូវបានបញ្ជាក់​ឱ្យ​ដឹងពីការត្រឡប់មកវិញ របស់កីឡាករទាំង ២រូប​នោះទេ ទោះបីជាក្លិបបានបំភ្លឺថា បញ្ហារបួស​ពួកគេ គឺ​មិន​ជា​ធ្ងន់​ធ្ងរ​ក៏​ដោយ ដោយលើក​ឡើង​ថា ពួកគេមានរបួសតិចតួចប៉ុណ្ណោះ។

តែ​យ៉ាង​ណាក្ដី កីឡាករទាំង ២​រូប​ នឹងមិនមានវត្តមានក្នុង​ជំនួប​ទល់នឹងក្រុម​ Viktoria Plzen សម្រាប់​ការប្រកួតចុងក្រោយនៃក្របខ័ណ្ឌ Champions League របស់ក្រុម Barca នៅយប់​ថ្ងៃអង្គារនេះទេ៕