សេដ្ឋកិច្ច

​កម្ពុជា​ទទួលបាន​ទឹកប្រាក់​ជិត​២០០០​លាន​ដុល្លារ​ពី​ការនាំចេញ​កសិផល ទៅកាន់​ប្រទេស​ចិន​

ភ្នំពេញៈរបាយការណ៍​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថាចាប់ពី​ឆ្នាំ​២០១៩ ដល់​ចុងខែ​មិថុនាឆ្នាំ​២០២២ កម្ពុជា​បាន​នាំចេញ​​កសិផល​សរុប​ចំនួន​ប្រមាណ​២,៤​លាន​តោន ទៅកាន់​ប្រទេស​ចិន ដោយ​ទទួលបាន​ទឹកប្រាក់​១៩៤២​លាន​ដុល្លារ​។​

​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា លោក Wang Wentian បាន​មានប្រសាសន៍​ឲ្យ​ដឹង នៅក្នុង​ពិធី​សម្ភោ​ធ​ការ​នាំចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា ទៅកាន់​ទីផ្សារ​ប្រទេស​ចិន កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២២​ថា កសិផល​របស់​កម្ពុជា​មាន​ប្រភេទ​សម្បូរ និង​មានគុណ​ភាពល្អប្រសើរ ប្រទេស​ចិន​មាន​តម្រូវការ​ទីផ្សារ​យ៉ាង​ធំ និង​បច្ចេកវិទ្យា​ផលិតកម្ម​ដ៏​ទំនើប ហើយ​ប្រទេស​ចិន គឺជា​ទីផ្សារ​នាំចេញ​អង្ករ​ពី​ប្រទេស​កម្ពុជា​ដ៏​ធំ​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ជាប់ៗ​គ្នា​។​

​លោក​បន្តថា៖​ចាប់ពី​ការនាំចេញ​ចេក​របស់​កម្ពុជា ទៅកាន់​ប្រទេស​ចិន​ដោយ​ជោគជ័យ​ក្នុង​ឆ្នាំ​២០១៩​មក ឧស្សាហកម្ម​ចេក​របស់​កម្ពុជា​សម្រេច​បាន នូវ​ការអភិវឌ្ឍន៍​លោត​ផ្លោះ​ជា​លំដាប់​”​។​​ជាក់ស្តែង​បរិមាណ​នាំចេញ បាន​កើនឡើង​ពី​១​ម៉ឺន​តោន ក្នុង​ឆ្នាំ​២០១៨ ដល់​៤២,៣​ម៉ឺន​តោន ក្នុង​ឆ្នាំ​២០២១​។ ក្រៅពីនេះ ផ្លែស្វាយ ត្រី​ប្រា ពោត និង​ផ្លែ​មៀន​របស់​កម្ពុជា ត្រូវបាន​អនុញ្ញាត​ឲ្យ​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ជា​បន្តបន្ទាប់​។​

​លោក​ទូត​Wang Wentian​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ ភាគី​ទាំង​ពិរ​កំពុង​ខិតខំ​ជំរុញ​ការងារ ដែល​នាំចេញ​ម្រេច​កម្ពុជា ផលិតផល​វារី​វប្ប​កម្ម​​សត្វព្រៃ សត្វ​ក្នុង​ទឹក​ដែល​អាច​បិ​រ​ភោគ​បាន សំបុក​ត្រចៀកកាំ និង​ដូង​ជាដើម​ទៅកាន់​ប្រទេស​។ លោក​បន្ថែមថាដោយសារ​កសិផល​​កម្ពុ​ជា​កាន់តែច្រើន ត្រូវបាន​អនុញ្ញាត​ឲ្យ​នាំចេញ​ទៅកាន់​ចិន វិស័យ​ពាក់ព័ន្ធ​នឹង​ផ្តល់ឱកាស​ការងារ​កាន់​តែ​ច្រើន​ដល់​កសិករ​កម្ពុជា លើក​កម្ពស់​ប្រាក់ចំណូល និង​ជីវភាព​រស់នៅ​របស់​ក​សិ​ករ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​លោក​អះអាង​ទៀតថា វិស័យ​កសិកម្ម គឺជា​វិស័យ​សំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន និង​កម្ពុជា​យើង​ជឿជាក់ថា ជាមួយនឹង​ការខិត​ខំ​​ប្រឹងប្រែង​រួមគ្នា​របស់​ភាគី​ទាំងពីរ នឹងមាន​កសិផល​រប​ស់​កម្ពុជា ដែលមាន​គុណភាព​ល្អ​កាន់តែច្រើន​ប្រភេទ​ទៀត នឹង​ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន ហើយ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​កសិកម្ម​រវាង​ប្រ​ទស​ទាំងពីរ ក៏​នឹង​ឈានដល់​កម្រិត​ថ្មី​មួយទៀត​ផងដែរ នឹង​ជួយ​ដល់​ការអភិវឌ្ឍន៍​នៃ​សហគមន៍​ជោគវាសនា​រួម​ប្រកបដោយ​ភាព​ជ្រុងជ្រោយ​។​

​លោក​ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា ឆ្នាំ​២០២២​នេះ គឺជា​ឆ្នាំ​ទី​១២​ហើយ ដែល​ទំនាក់​ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន ត្រូវបាន​ដំឡើង​ដល់​កម្រិត​កិច្ចសហប្រតិបត្តិការ ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ជាម​យ​យ​នឹង​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​លើ​គ្រប់​វិស័យ​ជា​លំដាប់ រួមទាំង​ផ្នែក​ពាណិជ្ជកម្ម ធុរកិច្ច និង​វិនិយោគ​។​

​លោក​បាន​ឲ្យ​ដឹង​ទៀតថា គិត​ត្រឹម​រយៈពេល​៩​ខែ ឆ្នាំ​២០២២​នេះ ការនាំចេញ​កសិផល​ពី​កម្ពុជា ទៅ​ប្រទេស​ចិន​សម្រេចបាន​ជាង​៥៨​ម៉ឺន​តោន គិត​ជា​ទឹកប្រាក់​ប្រមាណ​៤៩១​លាន​ដុល្លារ​។​គិត​មកដល់ពេលនេះ ផ្លែ​មៀន​ស្រស់​របស់​កម្ពុជា គឺជា​កសិផល​ប្រភេទ​ទី​៣ ដែល​ត្រូវ​បានអនុម័ត​នាំ​ចេញទៅ​ប្រទេស​ចិន បន្ទាប់ពី​ត្រី​ប្រា និង​ពោត​នៅ​ឆ្នាំ​២០២២​នេះ ហើយក៏​ជា​ផ្លែឈើ​ប្រភេទ​ទី​៣​ដែរ ដែល​ត្រូវ​បានអនុម័ត​នាម​ចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ចិន​៕​ដោយៈសិរីមតី