សេដ្ឋកិច្ច

រយៈពេល​៩​ខែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ​ជាង ៤,៧​ពាន់​លាន​ដុល្លារ

​ភ្នំពេញ​៖​គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២២ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ជាង៤,៧​ពាន់​លាន​ដុល្លារពី​អតិថិជន​ប្រមាណ​ជា ២,៦​ លាន​នាក់ហើយ​រំពឹងថាចំនួន​ប្រាក់​បញ្ញើ​នេះនឹង​បន្ត​កើនឡើង​។​នេះ​បើតាម​ការបញ្ជាក់​របស់​លោក សុខ វឿន ប្រធាន​ក្រុម ប្រឹក្សាភិបាល នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។​

​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពីទិវា​សន្សំ​អាស៊ានឆ្នាំ​២០២២ក្រោម​ប្រធានបទ«​សន្សំ​តិច​ប្រសើរ​ជាង​មិនបាន​សន្សំ​»ដែល​ប្រារព្ធ​ធ្វើ ឡើង ​នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២២ លោក សុខ វឿន បានឱ្យដឹងថា សមាគម មាន​គោលដៅ​ធានា​ឱ្យបាន​ថា​ប្រជាជន​កម្ពុជា​គ្រប់រូប​ទទួល បាន​នូវ​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ប្រកបដោយ​ភាព​សំបូរបែប ទាន់ពេលវេលា តាមរយៈ​ប្រព័ន្ធ​ហិរញ្ញវត្ថុ ប្រកបដោយ​និរន្តរភាព ហើយ​សមាគម​តែងតែបាន លើកទឹកចិត្ត​ដល់​សមាជិក របស់ខ្លួន​ទាំងអស់ក្នុងការ​លើកកម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុក៏ដូចជា​ការ​សន្សំ​ប្រាក់ ក្នុងចំណោម​អតិថិជន និង​សាធារណៈជន​ផងដែរ​។​

​លោក បាន​បញ្ជាក់ថា «​គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២២​នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ​ទាំង​៥ បានទទួល​ប្រាក់​បញ្ញើ​សរុប​ចំនួន​ជាង ៤,៧​ពាន់​លាន​ដុល្លារ​អាមេរិក ពី​អតិថិជន​ប្រមាណ ២,៦​លាន​នាក់ ហើយ​យើង​រំពឹងថា ចំនួន​ប្រាក់​បញ្ញើ​នេះ ក៏​នឹង​បន្ត​កើន​ឡើងជា​លំដាប់ តាមរយៈ​សេវាកម្ម​ដែលមាន​ភាព​ច្នៃប្រឌិត និង​ងាយស្រួល​ដល់ ប្រជាពលរដ្ឋ​ក្នុងការ​ប្រើប្រាស់​»៕