សេដ្ឋកិច្ច

បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ៖​សហគ្រាស​អាជីវកម្ម គឺជា​កោសិកា​សំខាន់​នៃ​វិស័យ​ឯកជន វិស័យ​ឯកជន​ជា​កោសិកា​សំខាន់​នៃ​សេដ្ឋកិច្ចជាតិ​

​ភ្នំពេញ​៖​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក្នុង​កម្មវិធី​រាត្រីសមោសរ​ជួបជុំ​ម្ចាស់​អាជីវកម្ម​កម្ពុជា CEO Award 2022 នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែតុលា​ឆ្នាំ​២០២២ បាន​ថ្លែងថា៖« សហគ្រាស​អាជីវកម្មគឺជា​កោសិកា​សំខាន់​នៃ​វិស័យ​ឯកជនហើយ​វិស័យ ឯកជន​ជា​កោសិកា​សំខាន់​នៃ​សេដ្ឋកិច្ចជាតិ​។ ដូច្នេះ​គោលដៅ​សំខាន់​នៃ​ការលើកកម្ពស់​សេដ្ឋកិច្ចជាតិ គឺ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​ការអភិវឌ្ឍ​រីកចម្រើន​ប្រកបដោយ​សមធម៌ ដែល​អាច​ធានាបាន​នូវ​លំនឹង​ស្ថិរភាព​នៃ​សង្គមជាតិ​»។

ឯកឧត្តម បណ្ឌិត បានបន្តថា៖​មីក្រូ​សហគ្រាស សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​មូលដ្ឋាន​សំខាន់ ហើយ​គឺជា​អាទិភាព​ចម្បង​សម្រាប់​ពង្រឹង​ការរីកចម្រើន​បច្ចុប្បន្ន និង​ទៅ​អនាគត​។ ដូច្នេះហើយ ការជួយ​ជំរុញ​មីក្រូ​សហគ្រាស សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​គោលដៅ​អទិភាព​ក្នុងការ​បង្កើត​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រ ដែល​រាជរដ្ឋាភិបាល​បាននិងកំពុង​ធ្វើ ហើយ​បន្ត​ជំរុញ​ជាប្រចាំ​។

​ឯកឧត្តម​បណ្ឌិត បាន​ថ្លែងទៀតថា​៖​ការពង្រឹង​កំណើនសេដ្ឋកិច្ច​ជាតិ​ឱ្យបាន​រីកចម្រើន​ប្រកបដោយ​ចីរភាព ភាព​ធន់និង​និ​រន្តភាព​គឺ ទាម​ទារ​​ឱ្យមាន​ការចូលរួម​មិនអាច​ខ្វះ​បាន​ពី​សហគ្រិន​គ្រប់​វិស័យ​ដូច​ទស្សនៈ​របស់លោក​បណ្ឌិត អោម សេង បូរ៉ា ស្ថាបនិក CEO Master Club ដែល​បាន​លើកឡើងថា​៖​សហគ្រិន​គឺជា​បុគ្គល​ស្នេហា​ជាតិ​ដែលមាន​បេសកកម្ម​ឧត្តុង្គឧត្តម​ក្នុងការ​កសាង​និង​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ តាមរយៈ​ការចូលរួម​ផ្គត់ផ្គង់​ផលិតផល និង​សេវាកម្ម​សំដៅ​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​ស​ង្គ​ម​,​ការបង្កើត​ការងារ​ជូន​ប្រជា​ពលរដ្ឋ​និង​ការកសាង​ធនធានមនុស្ស និង ការបង្កើន​ចំណូល​ថវិកាជាតិ​តាមរយៈ​ការបង់ពន្ធ​ជូន​រដ្ឋ​។​

​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវដល់សហគ្រិន​សូម​បន្ត​ជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល​ក្នុង​ការជួយ​សហគ្រិន​ទាំង​អស់​តាម​រយៈ​បង្កលក្ខណៈ​ឱ្យមាន​បរិយាកាស​ប្រកួតប្រជែង​និង​ចូលរួម​ទាំងអស់គ្នា​ក្នុង​ទីផ្សា​សេរី​ប្រកបដោយ​តម្លាភាពនិង​ទេព​កោ​ស​ល្យ​រៀងៗ​ខ្លួន​។ទន្ទឹមនឹងនេះ​រាជរដ្ឋាភិបាល​ក៏​បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុងការ​រិះរក​គ្រ​ប់ម​ធ្យោ​បា​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ដើម្បី​រៀបចំ​ការតម្រង់ទិស​ជាក់​លាក់​​ទាំង​លើ​ការពង្រឹង​និង​អភិវឌ្ឍ​ធនធានមនុស្ស​ជាពិសេស​ការបណ្តុះបណ្តាល​កម្រិត​ចំណេះ​ទូទៅ​និង​បច្ចេកទេស​វិជ្ជាជីវៈ​(TVET) រួមទាំង​ការស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​របស់​កម្ពុជា​នៅ​បរទេស​៕​ដោយៈ​សិរីមតី​